កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី ៤ ធ្នូនេះ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការធ្លាក់ចុះនៃអត្រាកំណើតប្រជាពលរដ្ឋក្នុងប្រទេស ដោយលោកបាននិយាយអំពីបញ្ហាប្រឈមក្នុងការខ្វះកំណើនប្រជាជនក្នុងប្រទេសនាពេលអនាគត។
លោក Kim បានលើកឡើងនៅទីក្រុង Pyongyang កាលពីថ្ងៃអាទិត្យថា ការការពារការធ្លាក់ចុះនៃអត្រាកំណើត និងការថែទាំកូនល្អ គឺជាភារកិច្ចថែទាំរបស់ម្ដាយទាំងអស់ ដែលត្រូវដោះស្រាយ។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណចំនួនប្រជាជនកូរ៉េខាងជើងថា គិតត្រឹមឆ្នាំ ២០២៣ អត្រាមានកូន ឬចំនួនជាមធ្យមនៃកុមារដែលកើតពីស្ត្រីនៅក្នុងប្រទេសកូរ៉េខាងជើង ឈរនៅត្រឹម ១,៨ ចំពេលមានការធ្លាក់ចុះនៃអត្រាបន្តក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ស្របពេលដែលអត្រាមានកូននៅតែខ្ពស់ជាងប្រទេសជិតខាងមួយចំនួនរបស់កូរ៉េខាងជើង ដែលកំពុងតែប្រឈមមុខនឹងនិន្នាការធ្លាក់ចុះស្រដៀងគ្នា៕