ក្រចេះ៖ នៅតំបន់អភិរក្សកាំពីមានសត្វផ្សោតប្រមាណជា៣៥-៤០ក្បាល។ នៅក្នុងឆ្នាំ២០២៣នេះ មានសត្វផ្សោតចំនួន៥ក្បាលត្រូវបានស្លាប់ ដោយសារការជាប់មង សន្ទូចរនង ការឆក់ ចាស់ជរា និងចរិកបំពាននៃបាទៅលើកូនផ្សោត។ ពាក់ព័ន្ធជាមួយការស្លាប់របស់ផ្សោតដោយសារឧបករណ៍នេសាទ មន្ដ្រីនៃរដ្ឋបាលជលផលអំពាវនាវដល់ប្រជានេសាទ នៅតំបន់អភិរក្សកាំពី និងតំបន់ផ្សេងៗទៀត ដែលមានអន្លង់ផ្សោត បញ្ឈប់ការប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍ឆក់ ព្រោះឧបករណ៍ទាំងនេះបង្កផលប៉ះពាល់ខ្ពស់ដល់សត្វផ្សោត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក នុត ឬទ្ធី ជាមន្ដ្រីនៃរដ្ឋបាលជលផល និងជាប្រធានតំបន់អភិរក្សកាំពី បានប្រាប់ពីឥរិយាបថរបស់សត្វផ្សោតថា នារៀងរាល់១២នាទីម្ដង សត្វផ្សោតត្រូវងើបពីទឹកដើម្បីដកដង្ហើម។ ហើនៅក្នុងរដូវវស្សា សត្វផ្សោតធ្វើដំណើរទៅមកដើម្បីស្វែងរកចំណី និងនៅក្នុងរដូវទឹកស្រកនេះ សត្វផ្សោតប្រឈមហានិភ័យខ្ពស់ ដោយសារត្រីឡើងពីបឹងទន្លេសាបមក ដូច្នេះផ្សោតចរាចរទៅតាមត្រូវសត្វត្រីទាំងនោះ ស្របពេលដែលប្រជានេសាទដាក់មងយកត្រីដែរ ដែលបង្កឱ្យផ្សោតមានការជាប់មង ជាដើម។
លោក នុត ឬទ្ធី បានឱ្យដឹងថា សត្វផ្សោតជាមធ្យមមានប្រវែង២.៧៥ម៉ែត្រ និងមានទម្ងន់ជាមធ្យម១៣០គីឡូក្រាម។ ផ្សោតអាចបន្ដពូជចាប់ពីអាយុ៧ឆ្នាំ និងពពោះរយៈពេល១៤ខែ ហើយផ្សាតអាចពពោះបានចន្លោះពី២-៣ឆ្នាំម្ដង។ សត្វផ្សោតត្រូវការបំបៅដោះកូនរយៈពេល១ឆ្នាំ។ កូនផ្សោត នៅពេលកើតមក មានទម្ងន់១២គីឡូក្រាម។ ជាទូទៅ ផ្សោតអាចរស់នៅបានចន្លោះពីអាយុ២៦-៣០ឆ្នាំ។ សត្ចផ្សោតនៅក្នុងតំបន់អភិរក្សកាំពីនេះ មានចំនួនប្រមាណជា ៣៥-៤០ក្បាល។
មន្ដ្រីនៃរដ្ឋបាលជលផលរូបនេះ បានបន្ដថា អត្រាស្លាប់របស់ផ្សោតនៅក្នុងឆ្នាំ២០២២មានចំនួនខ្ពស់ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៣នេះអត្រានៃការស្លាប់របស់សត្វផ្សោតមានការធ្លាក់ចុះ។ នៅក្នុងឆ្នាំ២០២២ សត្វផ្សោតប្រមាណ៨ត្រូវបានស្លាប់ និងនៅក្នុងឆ្នាំ២០២៣នេះ មានសត្វផ្សោតចំនួន៥ក្បាល ត្រូវបានស្លាប់ ដែលពួកវាបានស្លាប់ដោយការជាប់មង សន្ទូចរនង ការឆក់ ចាស់ជរា និងចរិកបំពាននៃបាទៅលើកូនផ្សោត។ លោក នុត ឬទ្ធី បានបញ្ជាក់ថា កូនផ្សោតភាគច្រើនដែលកើតមកក្នុងរយៈពេល១សប្ដាហ៍ត្រូវតែមានការការពារពីក្រុមឆ្មាំទន្លេ និងទូកចម្លងទេសចរណ៍។ ប្រសិនបើគ្មានការជួយការពារនោះទេ កូនផ្សោតទាំងនោះនឹងត្រូវស្លាប់ ដោយការវាយប្រហាររបស់ផ្សោតឈ្មោលទៅលើកូនផ្សោត។
លោក នុត ឬទ្ធី បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលដាក់មងផ្សេងៗ គ្មានបំណងដាក់ដើម្បីចាប់ផ្សោតនោះទេ។ ពួកគេដាក់ជាលក្ខណៈគ្រួសារ ដើម្បីយកត្រីមកធ្វើជាអាហារប៉ុណ្ណោះ ប៉ុន្ដែសត្វផ្សោតក៏ត្រូវការត្រីជាអាហារដូចគ្នា។ ដូច្នេះនៅពេលផ្សោតដេញចាប់ត្រី ក៏មកជាប់មង។ ស្របពេលជាមួយគ្នានោះ លោក នុត ឬទ្ធី អំពាវនាវដល់ប្រជានេសាទ ដែលនៅតំបន់អភិរក្សកាំពី និងតំបន់ផ្សេងៗទៀតដែលមានអន្លង់ផ្សោត បញ្ឈប់ការប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍ឆក់ ព្រោះឧបករណ៍ទាំងនេះបង្កផលប៉ះពាល់ខ្ពស់ដល់សត្វផ្សោត៕