681 ezgif.com resize
Moneygramott moi1280x163px

កសិករដាំស្វាយចន្ទីមិនបារម្ភការធ្លាក់ថ្លៃ ក្រោយមានសហគមន៍កសិកម្ម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ សហគមន៍កសិកម្មអូរគគីរ មានទីតាំងស្ថិតនៅភូមិអូរគគីរ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ សហគមន៍នេះ ត្រូវបានចងក្រងជាសហគមន៍ និងទទួលស្គាល់ដោយមន្ទីរកសិកម្ម នៅក្នុងឆ្នាំ២០១៨។ ការចងក្រងជាសហគមន៍ គឺដើម្បីបង្កលក្ខណៈងាយស្រួល នៅក្នុងការប្រមូលផ្ដុំផលិតផលស្វាយចន្ទី និងលក់ចេញបានតម្លៃថ្លៃ ដោយសារការលក់ចេញជាលក្ខណៈបុគ្គល ប្រជាកសិករនឹងមិនអាចទទួលបានតម្លៃថ្លៃនោះទេ។

លោកស្រី វេន សាវីន ប្រធានសហគមន៍កសិកម្មអូរគគីរ បានប្រាប់អ្នកសារព័ត៌មានថា សហគមន៍កសិកម្មអូរគគីរ ត្រូវបានចងក្រងជាសហគមន៍ និងទទួលស្គាល់ដោយមន្ទីរកសិកម្ម នៅក្នុងឆ្នាំ២០១៨ និង មានសមាជិកចំនួន៧១នាក់ ដែលក្នុងនោះមានស្ដ្រីចំនួន៦៥នាក់។ ការចងក្រងជាសហគមន៍នេះ គឺដើម្បីបង្កលក្ខណៈងាយស្រួល នៅក្នុងការប្រមូលផ្ដុំផលិតផលស្វាយចន្ទី និងលក់ចេញបានតម្លៃថ្លៃ ដោយសារការលក់ចេញជាលក្ខណៈបុគ្គល ប្រជាកសិករនឹងមិនអាចទទួលបានតម្លៃថ្លៃនោះទេ។

លោកស្រី វេន សាវីន បានឱ្យដឹងថា សហគមន៍កសិកម្មអូរគរគី មិនមែនប្រមូលទិញគ្រាប់ស្វាយចន្ទីតែពីសមាជិកនោះទេ កសិករដែលមិនមែនជាសមាជិកក៏សហគមន៍ទទួលទិញដូចគ្នា។ បន្ថែមពីនេះ សហគមន៍កសិកម្មអូរគគីរ បានសហការជាមួយសហគមន៍ដ៏ទៃទៀត ដើម្បីប្រមូលទិញពីគ្រាប់ស្វាយចន្ទីពីពួកគេ។ នៅក្នុងឆ្នាំ២០២៣ សហគមន៍កសិកម្មអូរគគីរ បានទិញគ្រាប់ស្វាយចន្ទីស្ងួតបានចំនួន ៤០៥តោន និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីទាំងអស់នោះទៅក្រុមហ៊ុនអ៊ីនធ័រស្នាក (Intersnack Company) ប្រទេសវៀតណាម។

សហគមន៍កសិកម្មអូរគរគី មានដៃគូរសហការមានចំនួនបីខេត្ត រួមមានខេត្តកំពង់ធំ ក្រចេះ និងខេត្តត្បូងឃ្មុំ នៅក្នុងនោះសហគមន៍ចំនួន៦នៅក្នុងខេត្តក្រចេះ ខេត្តត្បូងឃ្មុំមានចំនួន២សហគមន៍ និងខេត្តកំពង់ធំមានចំនួន៣សហគមន៍ ដែលមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៦ពាន់ហិកតា។ ប្រជាកសិករដែលជាសមាជិកសហគមន៍កសិកម្ម ទទួលផលជាមធ្យម ១.៥តោន ក្នុងមួយហិកតា និងមានតម្លៃចន្លោះពី ៤០០០-៥៥០០រៀលក្នុងមួយគីឡូក្រាម សម្រាប់គ្រាប់ស្វាយចន្ទីសើម។

បើតាមប្រសាសន៍ លោក ភិន ឈុនហាក់ ទីប្រឹក្សាបច្ចេកទេសនៃគម្រោង GIZ បានបន្ថែមថា នៅក្នុងរដូវកាលប្រមូលផលគ្រាប់ស្វាយចន្ទី សហគមន៍កសិកម្មចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនអ៊ីនធ័រស្នាក រៀងរាល់១០ថ្ងៃម្ដង និងមានលក្ខខណ្ឌត្រឹមត្រូវ។ ដូច្នេះតម្លៃគ្រាប់ស្វាយចន្ទី នៅក្នុងរំង្វង់១០ថ្ងៃនេះ នឹងមិនមានការឡើងចុះ នោះទេ។ ប្រសិនបើជាប្រជាកសិករបានធ្វើទៅតាមលក្ខខណ្ឌ ដែលបានចុះនៅក្នុងកិច្ចសន្យា នឹងបានតម្លៃដូចនៅក្នុងកិច្ចសន្យា ប៉ុន្ដែប្រសិនបើគ្រាប់ស្វាយចន្ទីគុណភាពមិនសូវល្អ តម្លៃគ្រាប់ស្វាយចន្ទី ក៏ត្រូវបានចុះថ្លៃ ទៅតាមកិច្ចសន្យាដែលបានធ្វើ៕


Khcct banner

អត្ថបទទាក់ទង