ភ្នំពេញ៖ «រួមដំណើរសប្បុរសធម៌»គឺជាភាពយន្តឯកសារអំពីអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ដែលរៀបរាប់ពីដំណើររឿងរបស់ប្រជាជនចិនមួយក្រុមដែលធ្វើការនៅប្រទេសកម្ពុជា។ តាមរយៈការសាងសង់សាលារៀន ការផ្តល់ឱកាសការសិក្សាដល់កុមារក្រីក្រនៅតាមតំបន់ដាច់ស្រយាល។ ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី០២ ធ្នូ ឆ្នាំ២០២៣នេះ ក្រោយពីចំណាយពេល១ឆ្នាំដើម្បីផលិតភាពយន្តឯកសារមួយនេះ។
ថ្លែងក្នុងពិធីសម្ពោធរឿង«រួមដំណើរសប្បុរសធម៌» លោកស្រី Ye Zi ប្រធានអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ បានមានប្រសាសន៍ថា ខ្សែភាពយន្តនេះបានបង្ហាញពីដំណើរជីវិតរបស់អ្នកស្ម័គ្រចិត្តរបស់អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ និងបទពិសោធន៍របស់ពួកគេបន្ទាប់ពីបានចូលរួមសកម្មភាពសប្បុរសធម៌។ ភាពយន្តនេះបានកត់ត្រានូវដំណើរនៃការសាងសង់សាលារៀន និងពណ៌នាអំពីជិវិតរបស់កុមារកម្ពុជា និងអ្នកភូមិ។
លោកស្រីប្រធានអង្គការបានបន្តថា លោកស្រីពិតជារំភើបណាស់ចំពោះការផលិតខ្សែភាពយន្តមួយនេះ បានយ៉ាងជោគជ័យ។ ហើយភាពជោគជ័យមួយនេះក៏បង្ហាញពីការខិតខំរបស់ក្រុមការងារនៃអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ និងសប្បុរសជនដែលបានចូលរួមចំណែកបរិច្ចាគថវិកា និងសម្ភារសិក្សា ដល់គម្រោងរបស់អង្គការក្នុងការជួយដល់កុមារក្រីក្រនៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។
លោកស្រី Yu Ping ផលិតករភាពយន្ត បានមានប្រសាសន៍ថា ក្នុងការផលិតភាពយន្តឯកសារ«រួមដំណើរសប្បុរសធម៌»នេះ លោកស្រី បានអញ្ជើញលោក Su Qing ដែលជាផលិតករដ៏ល្បីប្រចាំប្រទេសចិន មកចូលរួមផលិតនូវភាពយន្តឯកសារមួយនេះដោយផ្ទាល់នៅកម្ពុជា។ ដោយការផលិតនេះបានចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២២ គិតមកដល់ពេលនេះគឺមានរយៈពេលមួយឆ្នាំគត់។
គួរបញ្ជាក់ថា អង្គការសប្បុរធម៌កម្ពុជាអន្តរជាតិបានបង្កើតឡើងនៅឆ្នាំ២០១៩ ដោយប្រជាជនចិនមួយក្រុមដែលការងារសប្បុរសធម៌នៅកម្ពុជា។ គិតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល០៥ឆ្នាំហើយ ដែលអង្គការសម្រេចបានសមិទ្ធផលជាច្រើនដូចជា ការសាងសង់សាលារៀននៅតំបន់ដាច់ស្រយាលបានចំនួន ០៥ ក្នុងខេត្ត កំពង់ស្ពឺ សៀមរាប ក្រចេះ ឧត្តរមានជ័យ មណ្ឌលគិរី និងកំពុងរៀបសាងសង់សាលារៀនមួយបន្ថែមទៀតនៅក្នុងខេត្តរតនគិរី។ បន្ថែមនេះ អង្គការក៏បានជួយឧបត្ថម្ភសម្ភារសិក្សា អាហារ ម៉ាស អាកុល ផ្សេងៗ ក្នុងអំឡុងពេលនៃការត្បាតជំងឺកូវីដផងដែរ៕