Cc time web banner 054637

លោកស្រី អ៊ិន ឡៃហួត ចាត់ទុកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួន ជាជំនួញឥតព្រាងទុក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ធំ៖ ពីកសិករស្វាយចន្ទី លោកស្រី អ៊ិន ឡៃហួត មានការឈឺចាប់ដោយសារតែការធា្លក់ថ្លៃនៃដំណាំស្វាយចន្ទី បានធ្វើឱ្យលោកស្រីសម្រេចចិត្តលះបង់ពេលវេលារបស់ខ្លួន ក្នុងការធ្វើការងារបម្រើសហគមន៍ ដោយឥតកម្រៃ អស់រយៈពេលជាង១០ឆ្នាំ ទើបលោកស្រីបានបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយដែលមានឈ្មោះថា «សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ» ហើយលោកស្រីបានចាត់ទុកសិប្បកម្មនេះថាជាជំនួញឥតព្រាងទុក។ កាលចាប់ផ្ដើមបើកសិប្បកម្មនេះដំបូង កម្មករបានធ្វើការបកសំបងគ្រាប់ស្វាយចន្ទីដោយដៃ និងបកបានត្រឹមតែ៣០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយថ្ងៃ សម្រាប់មនុស្សម្នាក់ ប៉ុន្ដៃបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃកម្មករ១៥នាក់ អាចបកគ្រាប់ស្វាយចន្ទីស្រស់បានចំនួន២តោន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី អ៊ិន ឡៃហួត នាយិកាគ្រប់គ្រងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានឱ្យដឹងថា ការបើកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី លោកស្រីមិនព្រាងទុកមកនោះទេ ប៉ុន្ដែដោយសារលោកស្រីជាធ្លាប់ជាកសិករដែលមានដំណាំស្វាយចន្ទីលក់ឱ្យទីផ្សារ ដែលកាលនោះលើកទីមួយលោកស្រីលក់បាន ៣០០០រៀល នៅពេលធ្លាក់ភ្លៀងលោកស្រីលក់បានតែ១៥០០រៀលប៉ុណ្ណោះ។ កត្តានេះហើយដែលបានធ្វើឱ្យលោកស្រីឈីចាប់ ហើយលោកស្រីក៏បានប្ដេជ្ញាជាមួយខ្លួនឯងលះបង់ពេលវេលា ធ្វើការបម្រើសហគមន៍ដោយឥតកម្រៃ រយៈពេលជាង១០ឆ្នាំ ទើបលោកស្រីបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ។

រយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០មក សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានសហការជាមួយដៃគូរនៅក្នុងប្រទេសជប៉ុន ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីបានប្រមាណ៧០តោន និងលក់នៅក្នុងស្រុកបានប្រមាណជា៣០តោន។ នៅក្នុងឆ្នាំ២០២៣នេះ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ មិនទាន់បានធ្វើការនាំចេញនៅឡើយទេ ដោយសារសិប្បកម្មរៀបចំឯកសារស្នើសុំស្ដង់ដារ។ ខណៈនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ លោកស្រី នឹងពង្រីកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដើម្បីពង្រីកផលិតកម្ម ក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េ ឱ្យបាន ១៥០០តោន នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

លោកស្រី អ៊ិន ឡៃហួត បានបន្ដថា នៅក្នុងឆ្នាំ២០២៤ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ នឹងពង្រីកខ្លួនឱ្យកាន់តែធំជាងមុន ពោលគឺធ្វើយ៉ាងណាដើម្បីឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីបានចំនួន ៣តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារបរទេស និងក្នុងប្រទេស។ ខណៈការផលិតនាពេលបច្ចុប្បន្ននេះ នៅមានកម្រិតនៅឡើយទេ ដោយសារតែទីតាំងសិប្បកម្មមានទំហំតូច និងការខ្វះខាតទុន។ លោកស្រីបានបញ្ជាក់ថា នៅពេលចាប់ផ្ដើមសិប្បកម្មនេះដំបូងកម្មករ កម្មការនីធ្វើការបកដោយដៃ ដែលបរិមាណនៃការបក ក្នុងមួយថ្ងៃបានតែ៣០គីឡូក្រាមប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ ប៉ុន្ដៃបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃកម្មករ១៥នាក់ អាចបកគ្រាប់ស្វាយចន្ទីស្រស់បានចំនួន២តោន។

អតីតកសិករដាំស្វាយចន្ទីរូបនេះ បានឱ្យដឹងទៀតថា សិប្បកម្មរបស់លោកស្រីបានចាប់ដៃគូរជាមួយប្រទេសជប៉ុន។ នៅពេលបានចាប់ដៃគូរជាមួយប្រទេសជប៉ុន ក៏មានការរីករាលដាលនៃវីរុសកូវីដ-១៩ លោកស្រីក៏មានការព្រួយបារម្ភពីទីផ្សារ ប៉ុន្ដែការចាប់ដៃគូរជាមួយប្រទេសជប៉ុន បានឱ្យលោកស្រីចាប់បានឱកាសទីផ្សារនៅក្នុងការនាំចេញទៅកាន់ប្រទេសជប៉ុន។ លោកស្រី អ៊ិន ឡៃហួត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសំទុះទីផ្សារនៅក្នុងស្រុកមានរហូតដល់៧០% ប៉ុន្ដែចំនួន៧០%នេះ សិប្បកម្មមិនទាន់បានផលិតឱ្យពួកគេនៅឡើយទេ ប៉ុន្ដែសិប្បកម្មនឹងត្រៀមផលិត ដើម្បីផ្គត់ផ្គង់ឱ្យពួកគេនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។

លោកស្រី អ៊ិន ឡៃហួត បានបន្ដទៀតថា លោកស្រីមានក្ដីស្រមៃចង់ឱ្យផលិតផលរបស់កម្ពុជា បានទៅដល់ទីផ្សារអន្ដរជាតិ ដូចជាអាម៉េរិក និងបណ្ដាប្រទេសនៅអ៊ឺរ៉ុប។ ខណៈទីផ្សារចិន ពួកគេចង់បានបរិមាណច្រើន ប៉ុន្ដែពួកគេផ្ដល់តម្លៃមួយដែលមិនអាចទទួលយកបាន និងមិនមានកុងត្រាជាក់លាក់ជាមួយសិប្បកម្ម។ ក្រៅពីទីផ្សារជប៉ុន លោកស្រីកំពុងចរចារជាមួយក្រុមហ៊ុនចំនួន៤ ដែលក្នុងនោះមានក្រុមហ៊ុននៅប្រទេសកាណាដា កូរ៉េ ជប៉ុន និងប្រទេសថៃ។

ម្ចាស់សិប្បកម្មរូបនេះ បាននិយាយទៀតថា ដើម្បីនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារបរទេស សិប្បកម្មត្រូវមានឯកសារគ្រប់គ្រាន់ទៅតាមបែបបទលើការកែច្នៃ ទាំងពាណិជ្ជកម្ម សិប្បកម្ម និងមានម៉ាកយីហោ ជាក់លាក់។ ខណៈស្ដង់ដារនៃការផលិតត្រូវបណ្ដុះបណ្ដាលបុគ្គលិកចាប់ពីកសិកររហូតដល់ការកែច្នៃ។ នៅពេលនោះសិប្បកម្មត្រូវតែប្ដេជ្ញាថាតើនៅពេលសិប្បកម្មប្រើប្រាស់ស្ដង់ដារបែបនេះតើសិប្បកម្មអាចអនុវត្តបានទេ។ ប្រសិនបើសិប្បកម្ម ប្ដេជ្ញាចិត្តធ្វើបាន នោះដៃគូរសហការនឹងអាចទទួលយកបាន។

លោកស្រី អ៊ិន ឡៃហួត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សិប្បកម្ម កែច្នៃតែគ្រាប់ស្វាយចន្ទី M23 តែមួយប៉ុណ្ណោះ ដោយសារថវិកាទិញម៉ាស៊ីននៅមានកម្រិត ដែលក្នុងនោះ គ្រាប់ស្វាយចន្ទី M23 មានចំនួន១៥ប្រភេទ។ លោកស្រីបានបញ្ជាក់ថា ពូជស្វាយចន្ទី M23 ជាប្រភេទដើមស្វាយចន្ទីដែលកសិករកាត់តត្រួយ និងកើតឡើងពីការដាំស្វាយចន្ទីដំបូង ចាប់ពីអាយុ ៤-៦ឆ្នាំ ដែលជាអាយុកាលមួយ ដែលគ្រាប់ស្វាយចន្ទីមានទំហំធំល្អ។ ហើយបរិមាណគ្រាប់ស្វាយចន្ទី M23 ក្នុងមួយគីឡូក្រាមនៃគ្រាប់សើមមានចំនួន ៧៧គ្រាប់ និងនៅពេលគ្រាប់ស្វាយចន្ទីកែច្នៃរួចរាល់ គ្រាប់ស្វាយចន្ទីមានចំនួន១០៦-១១០គ្រាប់ជាមធ្យម ក្នុងមួយគីឡូក្រាម។

សូមជម្រាបថា កម្មករនៅក្នុងសិប្បកម្មនេះ ភាគច្រើនជាអតីតកម្មការនីរោងចក្រ ក្រោយមកនៅពេលមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ពួកគេឈប់ទៅធ្វើការងារនៅកន្លែងឆ្ងាយ ដោយចាប់ផ្ដើមធ្វើការនៅក្នុងសិប្បកម្មដែលនៅជិតៗផ្ទះវិញ។ ហើយក្រៅពីការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសជប៉ុន សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក៏នឹងនាំចេញសំបកគ្រាប់ស្វាយចន្ទីទៅប្រទេសជប៉ុន ដើម្បីកែច្នៃជាជីវម៉ាស ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង