
ឡាវ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និង ក្រសួងកសិកម្មរបស់ប្រទេសឡាវ បានឯកភាពគ្នាក្នុងការជំរុញទីផ្សារកសិកម្ម ពាណិជ្ជកម្មនៃប្រទេសទាំងពីរដោយផ្តោតសំខាន់លើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣តាមរយៈប្រើប្រាស់ប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាទៅកាន់ប្រទេសឡាវ ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រសួងកសិកម្មកម្ពុជា និង ឡាវ បានពិនិត្យនៃការចុះ MOU និង ឯកភាពគ្នាកន្លងមក។
បើតាមសេចក្តីប្រកាសដដែល ជាលទ្ធផលនៃកិច្ចប្រជុំនោះ សមភាគីកម្ពុជា និងឡាវ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើការងារអាទិភាពចំនួន៣ចំណុច មានជាអាទិ៍៖ កិច្ចសហការធាតុផ្សុំនៃជីកសិកម្ម ដោយផ្តោតសំខាន់លើដី ប៉ូតាស។ ការងារពាណិជ្ជកម្មនៃប្រទេសទាំងពីរផ្តោតសំខាន់លើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣តាមរយៈប្រើប្រាស់ប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា និង ចាប់ដៃគ្នាជំរុញវិស័យកសិកម្ម ដើម្បីប្រយោជន៍ប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ប្រទេសឡាវ នៅខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការផ្លូវដែកឡាវ-ចិន គេស្គាល់ថា ផ្លូវរថភ្លើង Boten-Vientiane ។ ផ្លូវដែកមួយនេះ គឺជាគម្រោងដ៏សំខាន់មួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង ផ្លូវរបស់ប្រទេសចិន ដែលសាងសង់ឡើង ដើម្បីកែលម្អការតភ្ជាប់ក្នុងតំបន់ និង ជំរុញពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
រាជរដ្ឋាភិបាលកម្ពុជា និងឡាវ កាលពីពេលកន្លងទៅ បានប្រកាសពីការខិតខំព្យាយាមក្នុងការបន្តអនុវត្ត MoU និងកិច្ចព្រមព្រៀងនានា ជាពិសេស លើវិស័យថាមពល និងសាងសង់ផ្លូវដែកតភ្ជាប់រវាងប្រទេសទាំងពីរ នឹងផ្តល់កាលានុវត្តភាពដល់ទំនាក់ទំនងនិងការជំរុញពាណិជ្ជកម្ម៕