ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំក្រុមការងារទៅចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយផ្ទាល់ជាមួយអាម៉េរិក នៅថ្ងៃទី១៤ និង១៥ ខែឧសភា ខាងមុខនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Elleman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
កិច្ចប្រជុំពិភាក្សានេះ ផ្ដោតសំខាន់លើវឌ្ឍនភាពការងារនិងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន៕