
ភ្នំពេញ៖ ផលិតករ និងអ្នកនាំចេញ ដែលមានបំណងនាំចេញទំនិញដែលមានដើមកំណើតនៅកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ត្រូវអនុវត្តវិធានការនាំចេញទំនិញមួយចំនួន ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ។
ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច បានធ្វើប្រកាសអន្តរក្រសួង ស្តីពី វិធានការសម្រសប់បង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រកាសស្ដីពីណីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
ប្រកាសអន្តរក្រសួងនេះ មានគោលបំណងរួមគ្នាបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ជំរុញការអនុវត្តច្បាប់ស្តីពីវិធានការដើមកំណើតទំនិញប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប្រកាសអន្តរក្រសួងនេះ មានវិសាលភាពអនុវត្តចំពោះផលិតករ និង/ឬអ្នកនាំចេញដែលមានបំណងធ្វើការនាំចេញទំនិញមួយចំនួនដែលមានដើមកំណើតនៅកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ផលិតករ និង/ឬអ្នកនាំចេញ ដែលមានបំណងនាំចេញទំនិញមួយចំនួនដែលមានដើមកំណើតនៅកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ត្រូវស្នើសុំលិខិតអនុញ្ញាបញ្ជាក់ដើមកំណើតទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម តាមប្រកាសលេខ០៤៧ ព.ណ.នច.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្ដីពីនីតិវិធីការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
នៅពេលបំពេញបែបបទគយ ចំពោះទំនិញមួយចំនួននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកដែលប្រកាសថាមានដើមកំណើតនៅកម្ពុជា ផលិតករ និង/ឬអ្នកនាំចេញ ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។
ក្នុងករណីរកឃើញថាផលិតករ និង/ឬអ្នកនាំចេញប្រព្រឹត្តបទល្មើសក្លែងបន្លំដើមកំណើតទំនិញតាមគ្រប់រូបភាពរួមទាំងបទល្មើសជ្រកក្រោមប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន ត្រូវរងទណ្ឌកម្មដូចមានចែងក្នុងបទប្បញ្ញត្តិពាក់ព័ន្ធនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងច្បាប់ស្ដីពីគយ៕



.jpg?1746175289)