Cctime 6monthsfree desktop
Cc times  web banner kh (2)

ការបោះជំហានរបស់ម៉ាឡេស៊ីលើ5G ជំរុញប្រព័ន្ធឌីជីថលក្នុងតំបន់អាស៊ាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ម៉ាឡេស៊ី កំពុងពង្រឹងបច្ចេកវិទ្យា5Gរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទីពីរ ដែលគាំទ្រដោយក្រុមហ៊ុនចិន រួមទាំងក្រុមហ៊ុន Huawei។ ការអភិវឌ្ឍប្រកបដោយយុទ្ធសាស្រ្ត ដោយបញ្ចូលប្រតិបត្តិករទូរសព្ទ U Mobile បានផ្តល់ល្បឿនអ៊ីនធឺណិតដ៏រហ័ស ក្នុងទំហំ ៥០០ មេហ្គាបៃ ក្នុងមួយវិនាទី (500Mbps) នៅក្នុងទីក្រុងគូឡាឡាំពួ ហើយចូលរួម ដល់ការស្តារឡើងវិញនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

តាមការប៉ាន់ប្រមាណរបស់សមាគម GSMA ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G នៅម៉ាឡេស៊ី អាចចាក់បញ្ចូលថវិការហូតដល់ ១២ពាន់លានដុល្លារ ទៅក្នុងផលិតផលក្នុងស្រុកសរុប នៅត្រឹមឆ្នាំ២០៣០។ ការចូលរួម ចំណែកនេះ បានបង្ហាញពីសក្កានុពលសេដ្ឋកិច្ចដ៏ខ្លាំងក្លាដែលអាចទាញចេញពីការប្រើប្រាស់បច្ចេកវិទ្យា។

នៅក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសជាផ្លូវការពីផែនការហេដ្ឋារចនាសម្ព័ន្ធ5G ទីពីរ ដើម្បីទប់ស្កាត់ការគ្រប់គ្រងផ្តាច់មុខ ដោយក្រុមហ៊ុន Digital Nasional Berhad (DNB)។ ភាពជាគំរូរបស់រដ្ឋាភិបាលក្រុងគូឡាឡាំពួ បានផ្តល់ជាផែនការគោលសម្រាប់មហិច្ឆតា ឌីជីថលរួមនៅអាស៊ាន។ នៅទូទាំងតំបន់អាស៊ាន បណ្តាប្រទេសនីមួយៗ កំពុងពន្លឿនការបំពាក់បច្ចេកវិទ្យាជំនាន់ទីប្រាំយ៉ាងសស្រាក់សស្រាំ។ ជាក់ស្តែង សិង្ហបុរី ដែលគេគ្រប់គ្នាស្គាល់ថា ជាប្រទេស នាំមុខគេលើវិស័យបច្ចេកវិទ្យានោះ កំពុងស្ថិតលើដំណើរការក្នុងការបំពាក់បច្ចេកវិទ្យា 5G នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២៥។ ចំណែក ថៃវិញ កំពុងឆ្ពោះទៅរកការបញ្ចប់ដំណាក់កាលទី៣ នៃបច្ចេកវិទ្យាជំនាន់ទី៥ នៅឆ្នាំ២០២៦។

ទោះដើរក្រោយបណ្តាប្រទេសដទៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន បានកំណត់មហិច្ឆតារបស់ខ្លួន ក្នុងការបំពាក់បច្ចេកវិទ្យា5G នៅទីក្រុង ត្រឹមឆ្នាំ្២០២៥ ដល់ឆ្នាំ២០២៧។

កិច្ចខិតខំនៃបណ្តាប្រទេសអាស៊ានទាំងនេះ ត្រូវបានគាំទ្រដោយគោលនយោបាយសម្លឹងទៅមុខ ដូចជាផែនការសកម្មភាព5G របស់ថៃ និងក្របខណ្ឌ JENDELA របស់ម៉ាឡេស៊ី ដែលអាចចាក់បញ្ជូលទឹកប្រាក់ ៣០ពាន់លានដុល្លារ ទៅក្នុងផលិតផលក្នុងស្រុករបស់អាស៊ាន ត្រឹមឆ្នាំ២០៣០។ នេះបើតាមការរំពឹងទុករបស់សមាគមមិនទទួលប្រាក់ចំណេញ GSMA។

លើសពីហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាជំនាន់ទី៥ កំពុងតែធ្វើឱ្យមាន ការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ចសំខាន់ៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឧស្សាហកម្មទេសចរណ៍ បានបង្ហាញយ៉ាងច្បាស់ពីគំរូនៃការផ្លាស់ប្តូរ។ ជាក់ស្តែង នៅទីក្រុងប៉ាតាយ៉ា របស់ថៃ ប្រព័ន្ធ 5G បានផ្តល់ការតភ្ជាប់អ៊ីនធឺណិតក្នុងល្បឿនដ៏រហ័សខ្លាំង ដែលជួយបម្រើដល់វិស័យទេសចរណ៍, ការចរាចរណ៍ការទូទាត់ប្រាក់ដោយគ្មានសាច់ប្រាក់ និងគំនិតផ្តួចផ្តើមវិស័យទេសចរណ៍វៃឆ្លាត ដែលកែលម្អដោយប្រព័ន្ធអ៊ីនធឺណិត។

ករណីស្រដៀងគ្នានេះ ក៏កំពុងកើតមានឡើងក្នុងសេវាកម្មបដិសណ្ឋាកិច្ចនៅលើកោះបាលី ឥណ្ឌូណេស៊ីដែរ។ កោះនេះ បានបំពាក់អ៊ីនធឺណិតជំនាន់ទី៥ សម្រាប់ប្រព័ន្ធពិនិត្យលើការធ្វើដំណើរក្នុងពេលជាក់ស្តែង, បទពិសោធន៍ AR, ការកក់សេវាកម្មតាមប្រព័ន្ធឌីជីថល ដើម្បីជួយកែលម្អបទពិសោធន៍របស់ភ្ញៀវទេសចរណ៍ ហើយថែមទាំងជួយដល់អាជីវកម្មក្នុងស្រុកថែមទៀត។ ចំណុចទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីគុណប្រយោជន៍របស់បច្ចេកវិទ្យា 5G ដែលអាចចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ច និងកែលម្អគុណភាពរស់នៅសម្រាប់សហគមន៍អាស៊ាន។

ការជំរុញបច្ចេកវិទ្យា 5G នៅក្នុងតំបន់ នឹងត្រូវបានពង្រឹងបន្ថែម តាមរយៈភាពជាដៃគូយុទ្ធសាស្រ្ត នៅលើឆាកអន្តរជាតិ។ ជាឧទាហរណ៍ វៀតណាម និងចិន បានបង្កើតក្របខណ្ឌវិនិយោគទៅវិញទៅមក ដើម្បីគាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យា, លក្ខខណ្ឌអំណោយផលសម្រាប់ការស្រាវជ្រាវបច្ចេកវិទ្យាជំនាន់ទីប្រាំ និងការអភិវឌ្ឍបច្ចេកវិទ្យា ដែលពឹងផ្អែកលើ 5G។

ភាពជោគជ័យរបស់ចិនលើបច្ចេកវិទ្យា 5G រួមទាំងប្រព័ន្ធគ្រប់គ្រងមេត្រូនៅទីក្រុងសៀងហៃដំបូងគេក្នុងពិភពលោក និងការផ្តល់ដំណោះស្រាយដល់ វិស័យទេសចរណ៍ប្រកបដោយភាពឆ្លាតវៃតាមដងទន្លេ Li នៅតំបន់ Guangxi បានផ្តល់ជាគំរូដ៏មានតម្លៃសម្រាប់អាស៊ាន។ ជាក់ស្តែង រឿងដ៏សំខាន់ គឺចិនបានរួមបញ្ជូលគ្នារវាងបច្ចេកវិទ្យា​ 5G ជាមួយបញ្ញាសិប្បនិម្មិត, ការសហការរវាងក្រុមហ៊ុនដូចជា DeepSeek ដើម្បីពង្រឹងឧស្សាហកម្មស្វ័យប្រវត្តិ និងការអភិវឌ្ឍគំរូភាសាកាន់តែទូលំទូលាយ។

នៅអនាគតខាងមុខ គេសង្កេតឃើញទាំងឱកាស និងបញ្ហាប្រឈម។ នៅពេលទីក្រុងនានាទទួលបានផលប្រយោជន៍ជាច្រើនពីការអភិវឌ្ឍដ៏រហ័ស ការធានាថា ប្រជាជននៅតំបន់ជនបទ ទទួលបានសេវាកម្ម និងបច្ចេកវិទ្យាប្រកបដោយស្មើភាពជារឿងដ៏សំខាន់។

ជោគជ័យរបស់ម៉ាឡេស៊ីក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G បង្ហាញឱ្យឃើញថា កសិករនៅរដ្ឋ Sarawak មានឱកាសប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗជាច្រើន ដូចជាឧបករណ៍ចាប់សញ្ញាប្រកបដោយភាពវៃឆ្លាត, ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចដោយផ្ទាល់ ដែលនេះរួមចំណែកខ្លាំងក្នុងការលុបបំបាត់គម្លាតនៃបច្ចេកវិទ្យារវាងប្រជាជនទីក្រុង និងអ្នករស់នៅតាមជនបទ។

ជាមួយការរួមបញ្ចូលគ្នារវាងមហិច្ឆតាបច្ចេកវិទ្យា, ការសម្របសម្រួលគោលនយោបាយ និងភាពជាដៃគូអន្តរជាតិ តំបន់អាស៊ីអាគ្នេយ៍ មិនត្រឹមតែត្រៀមខ្លួនសម្រាប់អនាគតមួយដែលពឹងផ្អែកបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាតួអង្គដ៏សំខាន់ ដែលមានចំណែកអភិវឌ្ឍបច្ចេកវិទ្យាមួយនេះដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង