ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ឈាង រ៉ា នៅថ្ងៃទី ១ ធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងរាយការណ៍ពី«របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និង ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល»។ក្នុងរបាយការណ៍នោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មីរបស់កម្ពុជា បានស្នើសុំដល់នាយករដ្ឋមន្ត្រីបន្ថែមបុគ្គលិកផ្នែកសុខាភិបាលចំនួនជិត១ពាន់បន្ថែមទៀត ដើម្បីប្រចាំការជាប់លាប់នៅតាមមណ្ឌលសុខភាព មូលដ្ឋានប្រមាណជិត៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជា។
នៅចំពោះមុខនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងវិមានសន្តិភាពនាថ្ងៃនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍ពីវិធានការគន្លឹះក្នុងការអនុវត្តវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤ ដោយក្រសួងសុខាភិបាលនឹងបន្តអនុវត្តនូវវិធានការវាយតម្លៃ និង ពង្រឹងនូវគុណភាពសុខភាពសាធារណៈនៅតាមមណ្ឌលសុខភាព និង តាមមន្ទីរពេទ្របង្អែកម្រិត១ដល់កម្រិត៣ ដោយប្រើប្រាស់នូវឧបករណ៍វាយតម្លៃរួមរបស់ក្រសួងសុខាភិបាល។
បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅឆ្នាំ២០២៤ ក្រសួងសុខាភិបាលកម្ពុជានឹងពង្រីកសេវាផ្សព្វផ្សាយជំងឺឡើងសម្ពោធឈាម និង ជំងឺទឹកនោមផ្អែម ទៅតាមមណ្ឌលសុខភាព និង ពង្រីកនូវសេវាជំងឺមួយចំនួនផ្សេងទៀត ដែលទាមទារបុគ្គលិកពេទ្យជំនាញបន្ថែមប្រមាណ៩៥៩នាក់ សម្រាប់បំពេញការងារនៅតាមមណ្ឌលសុខភាពចំនួន ៤៨៦ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើគុណភាព និង វត្តមានការងារនៅមណ្ឌលជាប្រចាំ។
ក្រៅពីផែនការជ្រើសរើសបុគ្គលិកបន្ថែម ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការពង្រឹងនៅគុណភាពសមត្ថភាពមន្ត្រីលើការងារ«សង្គ្រោះបន្ទាន់»តាមមន្ទីរពេទ្យបង្អែកកម្រិត១ដល់កម្រិត៣ តាមរយៈការបំពាក់ឧបករណ៍ទំនើបនានារបស់ក្រសួងសុខាភិបាល។ក្នុងនោះមន្ទីរពេទ្យបង្អែកស្រុកកម្រិត១ចំនួន៦០ មន្ទីរពេទ្យបង្អែកស្រុកកម្រិត២ចំនួន៣៦ មន្ទីរពេទ្យបង្អែកខេត្តកម្រិត២ចំនួន៣ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត កម្រិត៣ចំនួន២២ និង មន្តីរពេទ្យជាតិចំនួន១២។
គួរបញ្ជាក់ថា ក្រោយឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ១០០ថ្ងៃ លោក ឈាង រ៉ា បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីកែលម្អវិស័យសុខាភិបាលកម្ពុជាតាមរយៈការបិទមន្ទីរពេទ្យណាដែលមិនមានស្តង់ដារត្រឹមត្រូវ និង អាហារបំប៉នសុខភាពនានា ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាជនកម្ពុជា៕