អ៊ីស្រាអែល៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken ទៅកាន់ប្រទេសអ៊ីស្រាអែលលោកបានជំរុញឱ្យអ៊ីស្រាអែល បង្កើតតំបន់សុវត្ថិភាពសម្រាប់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាមុនពេលបន្ត "ប្រតិបត្តិការយោធាសំខាន់ៗ" នៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស។
ថ្លែងនៅថ្ងៃទីប្រាំពីរនៃការផ្អាកក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas លោក Blinken ក៏បានអំពាវនាវឱ្យមានការពន្យារពេលបន្ថែមទៀតនៃបទឈប់បាញ់ ដែលរួមមានការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោស និងការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។ លោក Blinken អះអាងថា"ច្បាស់ណាស់ យើងចង់ឃើញដំណើរការនេះបន្តទៅមុខ"ហើយវិបត្តិនៃសង្រ្គាមអ៊ីស្រាអែល និងប៉ាឡេស្ទីនអាចនិងបញ្ចប់នាពេលខាងមុខ។
ដំណើរទស្សនកិច្ចរបស់លោក Blinken គឺជាការធ្វើដំណើរលើកទីបីរបស់លោកទៅកាន់តំបន់ជម្លោះ ចាប់តាំងពីអំពើហឹង្សាបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ជាមួយនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលយោងទៅតាមមន្ត្រីអ៊ីស្រាអែលបានឃើញមនុស្សជាង ២៤០ នាក់ត្រូវបានចាប់ពង្រត់ និងបានធ្វើឱ្យមនុស្ស ១,២០០ នាក់បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។ជាការឆ្លើយតប អ៊ីស្រាអែលបានប្តេជ្ញាបោសសម្អាតក្រុមហាម៉ាស់ និងបានបញ្ចេញយុទ្ធនាការយោធាតាមផ្លូវអាកាស និងដីគោក ដែលរដ្ឋាភិបាលហាម៉ាស់និយាយថា បានសម្លាប់មនុស្សជាង ១៥.០០០ នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិលផងដែរ។លោក Blinken បានប្រាប់អ្នកយកព័ត៌មានថា អ៊ីស្រាអែល "ត្រូវតែដាក់ចេញនូវផែនការការពារជនស៊ីវិលមនុស្សធម៌ ដែលកាត់បន្ថយការស្លាប់ និងរបួសបន្ថែមទៀតដល់ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់"៕