ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍ តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី Tran Luu Quang។ លោក Wang Yi ជាប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេស នឹងធ្វើជាសហម្ចាស់ផ្ទះសម័យប្រជុំលើកទី ១៥ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍។ មន្ត្រីចិនត្រូវបានគេរំពឹងថានឹងស្វាគមន៍អគ្គលេខាបក្ស Nguyen Phu Trong និងប្រធានរដ្ឋ Vo Van Thuong ព្រមទាំងជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Bui Thanh Son ផងដែរ។
គួរបញ្ជាក់ថាប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ ហើយវៀតណាមក៏ជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន។ យោងតាមគយវៀតណាមបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២២ ឈានដល់ ១៧៥,៦ ពាន់លានដុល្លារ ដោយការនាំចេញរបស់វៀតណាមមានចំនួន ៥៧,៧ ពាន់លានដុល្លារ និងការនាំចូលចំនួន ១១៧,៨៧ ពាន់លានដុល្លារ។ ប្រទេសទាំងពីរក៏ប្រារព្ធខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៣ថែមទៀតផង៕