Cc time web banner 054637

ក្រសួងអប់រំ៖បើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ប្រធានបទ«STEM និងការផលិតអាហារ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព ក្រសួងអប់រំ យុវជន និងកីឡា

សៀមរាប៖ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣០ វិច្ឆិកា បានរៀបចំពិធីបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ «STEM និងការផលិតអាហារ»ដោយមានការចូលរួមពីសិស្សានុសិស្សទូទាំង ២៥រាជធានី-ខេត្ត ចូលរួមប្រឡងប្រជែង។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុវជនទាំងអស់ បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលកំពុងបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏បច្ចេកវិទ្យាឌីជីថលអាច មានសក្ដានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្ដល់ លទ្ធភាពឱ្យប្រទេសមួយអាចមាន សេដ្ឋកិច្ចលូតលាស់ ឬអភិវឌ្ឍបានយ៉ាងឆាប់រហ័ស និងប្រែក្លាយពី ប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មប្រពៃណី ទៅជាឧស្សាហកម្ម ទំនើបក្នុងរយៈពេលដ៏ខ្លីបាន។ លោកបានគូសបញ្ជាក់ថា ចំពោះការសិក្សាមុខវិជ្ជា STEM មានសារៈសំខាន់ណាស់ដូចជាជំនាញ Science-វិទ្យាសាស្ត្រ, Technology-បច្ចេកវិទ្យា, Engineering-វិស្វកម្ម និង Mathematic-គណិតវិទ្យា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនេះផងដែរ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ រៀបចំឡើងក្នុងគោលបំណង ជំរុញឲ្យសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងស្រាវជ្រាវមុខជំនាញទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ម្យ៉ាងទៀត្រូវមានការលើកទឹកចិត្តដល់យុវជនឱ្យមានគំនិតផ្ដួចផ្ដើមបង្កើតថ្មី និងច្នៃប្រឌិត និងផ្ដល់ឱកាសឱ្យយុវជនបានចែករំលែកបទពិសោធន៍ និងបង្ហាញស្នាដៃរបស់ខ្លួនទៅដល់យុវជនដទៃទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង