Cc time web banner 054637

រាជរដ្ឋាភិបាល បញ្ជាក់រក្សាជំហរមិនសាងសង់វារីអគ្គិសនីតាមបណ្តោយទន្លេមេគង្គ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែរក្សាជំហរ មិនធ្វើវារីអគ្គិសនីណាមួយនៅផ្ទាល់ដងទន្លេមេគង្គនោះឡើយ ដើម្បីកុំឲ្យប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី នៅតាមបណ្តោយទន្លេមេគង្គ និងទន្លេសាប។ សម្តេចថ្លែងបែបនេះ ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នៅព្រឹកថ្ងៃនេះ។

សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានការអភិវឌ្ឍណា ដែលមិនមានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ជីវិតមនុស្ស សត្វ នោះឡើយ។ បើទោះបីនៅកន្លែងនោះ(តាមបណ្តោយទន្លេមេគង្គ)អំណោយផលយ៉ាងណា ក៏រាជរដ្ឋាភិបាលសាងសង់វារីអគ្គិសនីធ្វើនោះដែរ។ រាជរដ្ឋាភិបាលតែងតែគិតគូយកចិត្តទុកដាក់ជានិច្ចលើការការពារបរិស្ថាន។

សម្តេចបញ្ជាក់ថា កម្ពុជាត្រូវមានសមត្ថភាពខ្លួនឯងក្នុងការកសាងបណ្តាញអគ្គិសនីដោយខ្លួនឯង ដើម្បីចៀសវាងហានីភ័យណាមួយ ក្នុងករណីប្រទេសជិតខាងមានបញ្ហាលើបញ្ហាអគ្គិសនី។ ពីការគិតគូរហូតឈានដល់ការសាងសង់ គឺត្រូវចំណាយអស់រយៈពេល១៨ឆ្នាំ។

សូមជម្រាបថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន ២ គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់។ គម្រោងនេះគឺជាការវិនិយោគរបស់ក្រុមហ៊ុនចិន China National Heavy Machinery Corporation (CHMC)។

គម្រោងនេះ ត្រូវធ្វើឡើងក្រោមការវិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគសរុបជិត៤០០លានដុល្លារ។ គម្រោងនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លាន គីឡូវ៉ាត់ម៉ោង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង