Cctimesw1140xh150cm copy

ចិនផ្តល់ជំនួយឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយដល់ជនពិការនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៤វិច្ឆិកានេះ បានទទួលជំនួយជាឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយជាអំណោយរបស់មជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានពិភាក្សាការងារជាមួយនាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន លោក ហ៊ូ គ័រឆាង(HU Guoqiang) និងទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា លោក លីន រ៉ូហួរ(Lin Ruihua) នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្រោយពីបញ្ចប់កម្មវិធីប្រគល់ និងទទួលរណបជំនួយទ្រទ្រង់រាងកាយជាអំណោយរបស់មជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបនោះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនមានពិការភាព និងបានផលិតឧបករណ៍ជំនួយសម្រាប់ជនមានពិការភាព ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏មិនអាចបំពេញតម្រូវការរបស់ជនមានពិការភាព ដោយសារតែរោងចក្រផលិតនៅមានកម្រិតនៅឡើយ ខណៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជាបានបម្រើឱ្យជនមានពិការភាពប្រមាណ២ម៉ឺននាក់ក្នុងមួយឆ្នាំ។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បន្តថានៅកម្ពុជាមានជនមានពិការភាពជាង៧០ម៉ឺននាក់ នៃចំនួនប្រជាជនសរុប១៣លាននាក់ ខណៈជនមានពិការភាពបច្ចុប្បន្នកំពុងតែប្រឈមនឹងបញ្ហាជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់ចរាចរណ៍។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជា សុមេធី រដ្ឋលេខាធិការលោក ឯម ច័ន្ទមករា សង្ឃឹមថា រដ្ឋាភិបាលចិននឹងពិចារណាក្នុងការផ្តល់ជំនួយបច្ចេកទេសខាងផ្នែកសម្ភារទាំងអស់នេះដើម្បីបំពេញតម្រូវការជនមានពិការភាពនៅកម្ពុជា។

លោក ឯម ច័ន្ទមករា បានថ្លែងប្រាប់ថា រាជរដ្ឋាភិបាលកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការនៅជ្រោយក្រុង ដោយបច្ចុប្បន្នសាងសង់បាន៣០ភាគរយ ដោយក្នុងមជ្ឈមណ្ឌលនោះនឹងរៀបចំឱ្យមានរោងចក្រផលិតរទេះរុញសម្រាប់ជនមានពិការភាព រោងចក្រផលិតដៃជើងសិប្បនិម្មិត និងរោងចក្រផលិតឈើច្រត់ និងមានមន្ទីរពេទ្យ និងភោជនីយដ្ឋានផងដែរ។ បើតាមឯកឧត្តម ឯម ច័ន្ទមករា នៅពេលដែលមជ្ឈមណ្ឌលនោះកសាងរួច ទីតាំងនេះនឹងក្លាយជាកន្លែងប្រមូលផ្តុំរបស់វិស័យពិការភាព។

ជាការឆ្លើយតប នាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន លោក ហ៊ូ គ័រឆាង(HU Guoqiang) បានលើកឡើងថា លោកចាប់អារម្មណ៍ចំពោះគម្រោងសាងសង់មជ្ឈមណ្ឌលជាតិជនពិការនៅកម្ពុជា ហើយលោកនឹងយកបញ្ហាដែលលោក ឯម ច័ន្ទមករា បានលើកឡើងខាងលើនេះ ទៅពិភាក្សាជាមួយនឹងសហព័ន្ធជនពិការនៅប្រទេសចិន ហើយនឹងសង្ឃឹមថានឹងទទួលបានការគាំទ្រពីក្រសួងការបរទេសចិន។

លោក ហ៊ូ គ័រឆាង បានថ្លែងថា៖«ដើម្បីពង្រឹង និងដើម្បីផលប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀត»។

បន្ថែមពីនេះ ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា លោក លីន រ៉ូហួរ(Lin Ruihua) ក៏បានលើកឡើងដែរថា ក្នុងនាមលោកតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា ដែលជាស្ពានចម្លងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីស្វែងរកភាគីដែលពាក់ព័ន្ធដែលស្របគ្នានឹងវិស័យពិការភាព និងជំរុញការអនុវត្តគម្រោងនេះប្រព្រឹត្តិទៅដោយជោគជ័យឆាប់រហ័ស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង