កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ វិច្ឆិកានេះ បានសម្រេចផ្ដល់ការលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្ដល់រង្វាន់ម៉ូតូថ្មី ១នាក់មួយគ្រឿង ដល់សិស្សទទួលបាននិទ្ទេស A ចំនួន ១៧នាក់។ ថ្លែងដូចច្នោះ ក្រោយលោកអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នឹងផ្តល់ម៉ូតូម្នាក់មួយគ្រឿងដល់សិស្សានុសិស្សដែលបានជាប់និទ្ទេស Aចំនួន ១៧នាក់ នៅក្នុងសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ហើយម៉ូតូដែលបានផ្តល់ឱ្យនោះ គឺជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សម្នាក់ៗ។ មួយវិញទៀតក៏បង្ហាញពីការគិតគូរ និងយកចិត្តទុកបន្ថែមទៀតដល់មធ្យោបាយធ្វើដំណើរក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមផងដែរ ដូច្នេះម៉ូតូម្នាក់មួយគ្រឿងដែលផ្តល់ឱ្យនាពេលនេះ នឹងដឹកពួកគេឱ្យទៅបន្តក្រេបយកចំណេះបន្ថែមទៀតពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នៅថ្នាក់មហាវិទ្យាល័យ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដែលពោរពេញដោយដំណេះដឹង និងសមត្ថភាព៕