ភ្នំពេញ៖ វិសាលស្ណុ ដែលបានជាប់ជ័យលាភីសិស្សពូកែគណិតទូទាំងប្រទេសប្រចាំឆ្នាំសិក្សា ២០២២ ២០២៣ នៅតែអាចចាប់យកនិទ្ទេស A ទោះមានការមមាញឹកចូលរួមកម្មវិធីប្រកួតផ្សេងៗទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីតំណាងប្រទេសកម្ពុជានៅឆាកអន្តរជាតិ។
យុវជន រិទ្ធ នីវិសាលស្ណុ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យឫស្សីកែវ ជាយុវជនម្នាក់ដែលមានភាពសកម្មក្នុងការប្រកួតប្រជែង និងការសិក្សារៀនសូត្រ។ យុវជនរូបនេះ ធ្លាប់បានពានរង្វាន់ជាច្រើនពាក់ព័ន្ធនឹងការប្រឡងគណិតវិទ្យា លំដាប់អន្តរជាតិ។
កាលពីថ្មីៗនេះ វិសាលស្ណុ បានចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីបញ្ញវ័ន្តឌីជីថល រហូតឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដែលបានបញ្ចប់មុនថ្ងៃប្រឡងបាក់ឌុបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលបានសបញ្ជាក់ឱ្យឃើញថា យុវជនរូបនេះ មិនត្រឹមតែមានការខិតខំក្នុងការរៀនសូត្រនៅថ្នាក់រៀនប៉ុណ្ណោះទេ ថែមទាំងព្យាយាមចូលប្រឡូកក្នុងសង្គមបានយ៉ាងច្រើន ដើម្បីជាការលើកមុខមាត់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។
បើយោងតាមបទសម្ភាសដែលវិសាលស្ណុជាមួយនឹងកម្មវិធីបញ្ញវ័ន្តឌីជីថល បានឱ្យដឹងថា យុវជនរូបនេះធំធាត់ឡើងនៅរាជធានីភ្នំពេញ ហើយមានការស្រលាញ់ការសិក្សាគណិតវិទ្យាតាំងពីយូរមកម្ល៉េះ។ បន្ថែមពីនេះ វិសាលស្ណុ ជាបេក្ខជនឆ្នើមមួយរូបក្នុងបេក្ខជនឆ្នើម៦រូបផ្សេងទៀត ទទួលបានឱកាសទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងទទួលបានអាហារូបករណ៍នៅសាលាដ៏ល្បីមួយនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា មុនចេញលទ្ធផលបាក់ឌុបប៉ុន្មានថ្ងៃនេះ វិសាលស្ណុ ក៏បានចូលរួមកម្មវិធីមួយនៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕