ភ្នំពេញ៖ កំណែទម្រង់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីឆ្នាំសិក្សាថ្មីនេះ មានការប្រឡងចូលសិក្សាគ្រប់ដេប៉ាតឺម៉ង់ទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ទន្ទឹមនឹងការផ្លាស់ប្ដូរនេះ មានជំនាញឯកទេសចំនួន៣ ដែលសាកលវិទ្យាល័យអាចនឹងត្រូវតម្លើងថ្លៃសិក្សា ដោយមានការបន្ថែមម៉ោងសិក្សាភាសាបារាំងសម្រាប់ជំនាញទាំងបីនោះ។ ស្របពេលនឹងកំណែទម្រង់ថ្មីនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏នឹងរិតបន្ដឹងបទបញ្ជាផ្ទៃក្នុង និងវិន័យផ្សេងៗទៀត ឱ្យបានកាន់តែល្អប្រសើរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានស៊ីស៊ីថាមស៍ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ជំនាញគណិតវិទ្យា រូបវិទ្យា និងជំនាញជីវៈវិទ្យា អាចនឹងត្រូវតម្លើងថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សាថ្មីនេះ ប៉ុន្ដែស្របពេលជាមួយគ្នានោះសាកលវិទ្យាល័យក៏នឹងបន្ថែមម៉ោងសិក្សាភាសាបារាំង ដល់សិស្សនិស្សិតដែលសិក្សាជំនាញទាំងបីនេះ ដើម្បីជួយឱ្យពួកគេ នៅពេលបញ្ចប់ការសិក្សា ទទួលបានឱកាសការងារកាន់តែទូលំទូលាយ។
លោកបណ្ឌិត ជេត ជាលី បានឱ្យដឹងទៀតថា គ្រូគណិតវិទ្យានៅសាលាចំណេះទូទៅ មានចំណេះដឹងគណិតវិទ្យា ប៉ុន្ដែពួកគេមិនចេះភាសាបារាំង។ ដូច្នេះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាំបាច់ត្រូវតែផលិតអ្នកបរិញ្ញាបត្រគណិតវិទ្យា ឱ្យចេះភាសាបារាំង។ ដូច្នេះនៅពេលសិស្សនិស្សិតបញ្ចប់ការសិក្សាពីជំនាញទាំងបីនេះ ពួកគេមានចំណេះដឹងភាសាអង់គ្លេស និងភាសាបារាំង បន្ថែមលើភាសាខ្មែរ ដែលជាភាសាកំណើត។ ជាពិសេស និស្សិតដែលបានបញ្ចប់ការសិក្សាពីជំនាញទាំងបីនេះ ក៏នឹងមានឱកាសធ្វើជាគ្រូបង្រៀននៅសាលាចំណេះទូទៅ ដែលប្រើភាសាបារាំងផងដែរ។
លោកបណ្ឌិត ជេត ជាលី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាចាស់នៅដដែល ប៉ុន្ដែសាកលវិទ្យាល័យគ្រាន់តែបន្ថែមភាសាបារាំងដល់និស្សិតសិក្សាបន្ថែមទៀតតែប៉ុណ្ណោះ។ ការបន្ថែមម៉ោងសិក្សាភាសាបារាំងនេះ គឺសម្រាប់តែឆ្នាំសិក្សាថ្មីប៉ុណ្ណោះ ចំណែកឯសិស្សនិស្សិតដែលកំពុងសិក្សាជំនាញទាំងបីនេះ នៅក្នុងឆ្នាំទី២ ទី៣ និងទី៤ នឹងមិនប៉ះពាល់នោះទេ។
លើសពីនេះ នៅក្នុងឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញមិនមែនមានត្រឹមតែការប្រឡងចូលសិក្សា និងបន្ថែមម៉ោងសិក្សាភាសាបារាំងប៉ុណ្ណោះទេ បទបញ្ជាផ្ទៃក្នុង និងវិន័យផ្សេងៗ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏នឹងត្រូវរិតបន្តឹងដូចគ្នា៕