ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ២ទីតាំងក្នុងខណ្ឌចំនួន២ ដើម្បីទទួលកីឡាករចំណុះទូកជាង២ម៉ឺននាក់ ដោយទីតាំងទី១នៅតំបន់អភិវឌ្ឃន៍ OCIC ដោយមានរៀបចំជាបន្ទប់ទឹក មានភ្លើងបំភ្លឺ អគ្គិសនី និងទីតាំងទី២ នៅជិតទីលានប្រជាធិបតេយ្យ គឺមានទំហំប្រមាណជា ៥ហិចតា។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងប្រាប់សុីសុីថាមស៍ នៅថ្ងៃនេះថា រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាម្ចាស់ផ្ទះបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ ដើម្បីរៀបចំព្រះរាជពិធីបុណ្យអំុំទូកនៅឆ្នាំនេះ ហើយបច្ចុប្បន្ននេះ មានទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជាង២ម៉ឺននាក់ និង មានប្រទីពចូលរួមប្រមាណជាង៣០ប្រទីប។
បើតាមលោក កើត ឆែ ដើម្បីរៀបចំទទួលកីឡាករ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ២ទីតាំងក្នុងខណ្ឌចំនួន២ គឺខណ្ឌឬស្សីកែវ និង ខណ្ឌជ្រោយចង្វា ទីតាំងទី១នៅតំបន់អភិវឌ្ឃន៍ OCIC និង ទីតាំងទី២ នៅជិតទីលានប្រជាធិបតេយ្យ គឺមានទំហំប្រមាណជា ៥ហិចតា ដោយមានរៀបចំជា៖បន្ទប់ទឹក ភ្លើងបំភ្លឺ ដើម្បីទទួលកីឡាករចំណុះទូកជាង២ម៉ឺននាក់។
ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នាច្រើន រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងកំសាន្តជាច្រើនជុំវិញរាជធានីដូចជាការប្រគុំតន្ត្រី នៅកោះនរា កោះពេជ្រ OCIC ជ្រោយចង្វា នៅកំបូល និង ទីលាយប្រជាធិបតេយ្យ។ទាក់ទងបញ្ហាអនាម័យ អាជ្ញាធរបានត្រៀមកម្លាំងជាង៣០០នាក់ មិនទាន់គិតក្រុមហ៊ុនបោះសំអាត ចាប់ផ្តើមសំអាតអនាម័យ ចាប់ពីម៉ោង១១យប់ដល់៦ព្រឹក៕