681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរជាតិរៀបចំតុបតែង ដើម្បីត្រៀម«ពិធីបុណ្យអុំទូក»ឱ្យអធិកអធម នាពេលខាងមុខនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ មាស (Meas)

ភ្នំពេញ៖ មុននឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នឹងឈានចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ អាជ្ញាធរជាតិបាននិងកំពុងមមាញឹករៀបចំតុបតែងនៅតាមដងផ្លូវ លម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ប៉ាណូ បំភ្លឺភ្លើងពណ៌ និងសម្អាតបរិស្ថាន ក៏ដូចជាការរៀបចំទូក និងដំឡើងប្រទីប ដើម្បីត្រៀមប្រារព្ធ«ពិធីបុណ្យអុំទូក»ឆ្នាំ២០២៣នេះ ឱ្យបានអធិកអធម ក្រោយពីអាក់ខានកាលបីឆ្នាំកន្លងទៅដោយសារវិបត្តិកូវីដ១៩។

រាជរដ្ឋាភិបាល នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៨ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋ ចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមានការប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្ដែងសិល្បៈ ទាំង៣រាត្រី។

រូបភាព៖ មាស (Meas)

ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះឱ្យអធិកអធម ស្របទៅតាមប្រពៃណីជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ប៉ាណូ និងបំភ្លឺភ្លើងពណ៌ ជាដើម។ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានទូកងចូលរួមប្រណាំងចំនួន ៣៣៨ទូក និងប្រទីបធំៗចំនួន ៣០ប្រទីបដែលរៀបចំដោយក្រសួង និងក្រុមហ៊ុនឯកជន។

រូបភាព៖ មាស (Meas)

សូមរម្លឹកថា ព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០២៣នេះ នឹងប្រារព្ធឡើងមានលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាក់ខានកាលបីឆ្នាំកន្លងទៅ។ ចាប់ពីឆ្នាំ២០២០-២០២២ កម្ពុជាបានអាក់ខាន មិនអាចប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បានឡើយដោយសារកម្ពុជា ត្រូវបានរងនូវជំងឺកូវីដ-១៩។ ព្រះរាជពិធីអុំទូក សំពះព្រះខែ បណ្ដែតប្រទីប និងអកអំបុក នាពេលខាងមុខនេះរំពឹងថានឹងមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលរួមកម្សាន្តយ៉ាងច្រើនកុះករ៕

រូបភាព៖ មាស (Meas)
រូបភាព៖ មាស (Meas)
រូបភាព៖ មាស (Meas)
រូបភាព៖ មាស (Meas)


Khcct banner

អត្ថបទទាក់ទង