
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នៅថ្ងៃទី ២១ វិច្ចកា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រង (ប.ស.ស.)ស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ញើញទទួលពានរង្វាន់ផ្ទាល់ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួលបានពីប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន(ASSA) ឆ្នាំ២០២២-២០២៣។
យោងតាមរបាយការណ៍របស់ប.ស.ស. បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើម ស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពានរង្វាន់អង្គភាពឆ្នើមដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។

គួរបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ធ្វើជាប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន(ASSA)លើកទី៣៧, អង្គភាពធានារ៉ាប់រ៉ងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត(BPJS Ketenagakerjaan) នៃប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានផ្លាស់វេនលើកទី៣៨, អង្គភាពសន្តិសុខសង្គមឡាវ (LSSO) ធ្វើជាប្រធានផ្លាស់វេនលើកទី៣៩ ហើយលើកទី៤០ ដែលរៀបចំឡើង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បន្ទាប់ពីអង្គភាពសន្តិសុខសង្គមនៃប្រទេសឡាវផងដែរ៕