ភ្នំពេញ៖ នៅថ្ងៃទី២២ វិច្ឆិកានេះ គឺមានរយៈពេល ៩០ថ្ងៃ នៃការបង្កើតរាជរដ្ឋាភិបាលកម្ពុជាថ្មី ដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ៩០ថ្ងៃមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា បានបោះពួយយ៉ាងលឿនក្នុងការអភិវឌ្ឍជាតិ តាមរយៈ ជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្ត អង្គការ ស្ថាប័ន និង វិស័យឯកជន សំណេះសំណាលកម្មករនយោជិកនិង សម្ពោធសមិទ្ធផលជាច្រើន។
៩០ថ្ងៃដែលរាជរដ្ឋាភិបាលថ្មីសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា ហើយនឹងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ៖ ការធានាទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំប្រជុំគណៈរដ្ឋមន្រ្តី គោលនយោបាយអាទិភាពទាំង៦ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា អាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។
ក្នុងឱកាសក្លាយជានាយករដ្ឋមន្រ្តី ទទួលបានសារអបអរសាទរ និងជូនពរ សរុបចំនួន៧១ប្រទេស អង្គការ ស្ថាប័ន ដោយសារជូនពរពីសំណាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន៥៥ប្រទេស ព្រមទាំងប្រធានអង្គការ ស្ថាប័នចំនួន ១៦ នៅទូទាំងពិភពលោក។
ថ្លែងនៅថ្ងៃនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៅកម្ពុជា បានឆ្លើយតបទៅនឹងអ្នករិះគន់ថា រាជរដ្ឋាភិបាលមិនបានសម្រាកទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។ ចំណែកកម្ចីប្រាក់ពីបរទេស ត្រូវបានគ្រប់គ្រង និងផែនការច្បាស់លាស់។ ជាពិសេសកម្ចី យកមកអភិវឌ្ឍន៍បម្រើប្រយោជន៍សាធារណៈ ពង្រីកសក្តានុពលសេដ្ឋកិច្ច និងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តគម្រោងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច និងប្តេជ្ញាបន្តដាក់ចេញនូវគោលនយោបាយបន្ថែមទៀត ដើម្បីពន្លឿនការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស៕