កែប៖ ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០១-០៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
នៅគ្រាដែលបុណ្យសមុទ្រ កាន់តែខិតជិតមកដល់នេះ គេឃើញទាំងអាជ្ញាធរខេត្តកែប ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធកំពុងញាប់ដៃញាប់ជើង ក្នុងការរៀបចំទីតាំង កែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្អាតអនាម័យ បរិស្ថាន ធ្វើយ៉ាងណារៀបចំបុណ្យសមុទ្រឱ្យបានល្អ ដើម្បីលើកមុខមាត់របស់កម្ពុជា។
សមាជិកសមាជិកាគណ:កម្មការអន្តរក្រសួង បានចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តកែប ដើម្បីវាយតម្លៃលើវឌ្ឍនភាពនៃការរៀបចំទីតាំងប្រារព្ធពិធី និងពិនិត្យសម្រេចចុងក្រោយទៅលើដំណើរការរៀបចំកម្មវិធីទាំងមូល ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក ប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយ ដើម្បីបង្ហាញភាពស្រស់ស្អាតនៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃទៅកាន់ពិភពលោក។ កម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ នឹងត្រូវរៀបចំឡើងទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣៕