681 ezgif.com resize
Moneygramott moi1280x163px

សម្តេច ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធរចុះល្បាតតាមទីតាំងកម្សាន្តនានា ដើម្បីទប់ស្កាត់អសន្តិសុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំអាជ្ញាធរឱ្យបង្កើនការត្រួតពិនិត្យ ឬចុះល្បាតនៅតាមទីតាំងកម្សាន្តសប្បាយនានា ដើម្បីទប់ស្កាត់ការបង្កភាពអនាធិបតេយ្យណាមួយជាយថាហេតុពីសំណាក់បុគ្គលមួយចំនួនដែលស្រវឹងស្រា ជាពិសេសត្រូវធ្វើយ៉ាងឱ្យប្រជាពលរដ្ឋដែលរស់នៅកន្លែងទាំងនោះមានភាពកក់ក្តៅ។

សម្តេច ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាត្រូវទប់ស្កាត់រាល់អាជីវកម្មណាដែលមិនល្អកុំឱ្យវារីក និងត្រូវរួមគ្នាពង្រីកអាជីវកម្មល្អៗ និងសិប្បកម្មល្អៗ ឱ្យបានច្រើនដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ការជំរុញបែបនេះរបស់សម្តេច ធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេច បន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានម្ចាស់អាជីវកម្មមួយកន្លែងបើកបាសលឺៗរហូតដល់យប់ជ្រៅ ភ្លាមៗសម្តេចបានឱ្យអាជ្ញាធរខណ្ឌទួលគោក ចុះទៅមើលកន្លែងទីតាំងចាក់តន្ត្រី ខណៈដែលទីតាំងខាងលើនេះបានធ្វើកិច្ចសន្យា២ដងមកហើយ។ ករណីនេះប្រសិនមិនស្តាប់ទៀតអាចផ្អាក់អាជីវកម្ម ឬឈានទៅដកអាជ្ញាបណ្ណតែម្តង ព្រោះអីឡូវរស់ទាំងអស់គ្នា។

សម្តេច ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្ន អ្នកប្រព្រឹត្តបទល្មើសកាត់តែទំនើប ប៉ុន្តែ ទោះជាយ៉ាងណាសមត្ថកិច្ចជំនាញបានខិតខំបង្ក្រាបជាបន្តបន្ទាប់ដោយមិនលើកលែងនោះទេ។ ហើយសម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាទប់ស្កាត់បទល្មើស ជាពិសេសប្រជាពលរដ្ឋខ្លួនឯងតែម្តង គឺធ្វើយ៉ាងណាកុំលេងល្បែងស៊ីសងខុសច្បាប់ ដែលសង្គមស្អប់ខ្ពើម៕

Khcct banner

អត្ថបទទាក់ទង