Cctimesw1140xh150cm copy

«ត្រពាំង»ជាអាងទឹកដ៏សំខាន់សម្រាប់ប្រភេទសត្វព្រៃជិតផុតពូជ និងជិតផុតពូជបំផុត

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID មរតកបៃតង

កម្ពុជា៖ ក្រៅពីការដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ទឹកដល់មនុស្ស ត្រពាំងដែលគេតែងតែស្គាល់ថាជាអាងដែលមានទឹកតាមរដូវ បម្រើជាប្រភពទឹក និងអាហារសម្រាប់សត្វព្រៃនៅរដូវប្រាំង។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ត្រពាំងជាច្រើនត្រូវបានបំពេញដោយល្បាប់ថ្មីៗ ដែលធ្វើឱ្យ ត្រពាំងទាំងនោះមិនអាចដើរតួជាប្រភពទឹកសម្រាប់ទ្រទ្រង់ជីវិតជីវៈចម្រុះនៅក្នុងព្រៃទៀតបានទេ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមសហគមន៍តូចៗ ទាំងបុរស និងស្ត្រី បានសហការគ្នាជីកត្រពាំងជាង ៥០កន្លែងដោយដៃ និង ១៥កន្លែង ផ្សេងទៀតត្រូវបានជីកដោយប្រើគ្រឿងចក្រ។

ជារៀងរាល់ឆ្នាំ រដូវវស្សាបានបក់នាំទឹកភ្លៀងហូរស្រោចស្រពទៅកាន់តំបន់ព្រៃល្បោះស្ងួតដ៏ធំនៅតំបន់វាលទំនាបភាគឦសាននៃប្រទេសកម្ពុជា។ ហើយព្រៃឈើទាំងនោះក៏ត្រូវបានជន់លិចដោយសារទឹកទន្លេឡើងហូរហៀរ អស់រយៈពេលជាច្រើនខែ បង្កើតបានជាទេសភាពប្លែកស្រស់បំព្រងដែលផ្តល់អំណោយផលដល់ជីវិតសត្វស្លាប និងសត្វព្រៃដ៏សម្បូរបែប។

រូបភាព៖ USAID មរតកបៃតង

នៅពេលខែធ្នូឈានចូលមកដល់ ទឹកហូរហៀរទាំងនោះក៏ស្រកអស់ទៅវិញ បន្សល់ទុកនូវតែទឹកក្នុងត្រពាំងតែប៉ុណ្ណោះ។ ត្រពាំងទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹម សត្វព្រៃពេញមួយរដូវប្រាំង។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ត្រពាំងជាច្រើនត្រូវបានបំពេញដោយល្បាប់ថ្មីៗ និងរុក្ខជាតិដុះពាសពេញ ដែលធ្វើឱ្យលទ្ធភាពនៃការផ្ទុកទឹករបស់វាមានការថយចុះ។ ហើយជាលទ្ធផល ត្រពាំងទាំងនោះក៏លែងអាចដើរតួជាប្រភពទឹកសម្រាប់ទ្រទ្រង់ជីវិតជីវៈចម្រុះនៅក្នុងព្រៃទៀតបាន។

សព្វថ្ងៃនេះ ការរីងស្ងួត និងការបាត់បង់ត្រពាំងបានផ្ដល់ផលប៉ះពាល់ដល់សត្វព្រៃ និងសហគមន៍យ៉ាងខ្លាំង ដោយសារពួកគេពឹងផ្អែកលើធនធានធម្មជាតិរបស់ដែនជម្រកសត្វព្រៃដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ។ មូលហេតុចម្បងនៃការបាត់បង់ប្រភពទឹកទាំងនេះ គឺដោយសារតែសំណឹកដីដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ គួបផ្សំនឹងការបាត់បង់នៃសត្វធំៗដូចជា ទន្សោង និងដំរីជាដើម ដែលការននៀលខ្លួនរបស់សត្វទាំងនោះតែងជួយថែរក្សាជម្រៅ និងជួយពង្រីកត្រពាំងឱ្យធំជាងមុនបាន។

សត្វទន្សោង (រូបភាព៖ WWF Cambodia)

ដែនជម្រកសត្វព្រៃសៀមប៉ាង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចំនួនត្រពាំងទឹកជាង ២០០ កន្លែង តាមការកត់ត្រាទុក។ ហើយត្រពាំងទាំងនេះ បានផ្តល់ជាអាងទឹកសម្រាប់ប្រភេទសត្វព្រៃជិតផុតពូ​ជ និងជិតផុតពូជបំផុត ដូចជា សត្វរមាំង សត្វត្រយងយក្ស និងសត្វត្រយងចង្កុំកសជាដើម ក្នុងការចុះមុជទឹកផ្សើមខ្លួន និងសម្រាកដើម្បីទប់ទល់ពីភាពក្តៅរាំងស្ងួតនារដូវប្រាំង។ ជាអកុសល យ៉ាងហោចណាស់មួយភាគបួននៃចំនួនត្រពាំងទាំងនោះបានរីងស្ងួត ឬជិតរីងអស់ទៅហើយ។

ដើម្បីដោះស្រាយបញ្ហានេះ USAID មរតកបៃតង កំពុងធ្វើការជាមួយដៃគូអភិរក្ស Rising Phoenix និងសហគមន៍ដើម្បីធ្វើការស្តារត្រពាំងទាំងនោះឡើងវិញ។ ក្រុមសហគមន៍តូចៗដែលរួមមានទាំងបុរស និងស្ត្រីមកពីសហគមន៍ជិតខាង បានសហការគ្នាជីកត្រពាំងជាង ៥០កន្លែងដោយដៃ និង ១៥កន្លែង ផ្សេងទៀតត្រូវបានជីកដោយប្រើគ្រឿងចក្រ។

ការស្តារត្រពាំងក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង គឺជាគំរូសម្រាប់ការគ្រប់គ្រងធនធានទឹកក្នុងតំបន់អភិរក្ស ប្រកបដោយប្រសិទ្ធភាព។ វាបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ ការសហការរវាងភាគីពាក់ព័ន្ធ ក៏ដូចជាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ តាមរយៈការការពារ និងការស្ដារឡើងវិញនូវទីជម្រកដ៏សំខាន់ទាំងនេះ កម្មវិធីបានរួមចំណែកដល់ការអភិរក្សរយៈពេលវែងសម្រាប់ ជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ និងបានលើកកម្ពស់ការរស់នៅរួមគ្នារវាងសត្វព្រៃ និងសហគមន៍ផងដែរ៕

រូបភាព៖ USAID មរតកបៃតង
រូបភាព៖ USAID មរតកបៃតង
រូបភាព៖ USAID មរតកបៃតង


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង