ភ្នំពេញ៖ និស្សិតកម្មវិធី១+៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៦នាក់ ដែលក្នុងនោះមានស្រីម្នាក់ នឹងទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Angelo State ក្នុងរដ្ឋតិចសាស សហរដ្ឋអាម៉េរិក រយៈពេល៣ឆ្នាំ។
និស្សិតកម្មវិធី១+៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៦នាក់ ទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិកទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Angelo State ក្នុងរដ្ឋតិចសាស សហរដ្ឋអាម៉េរិក រយៈពេល៣ឆ្នាំ។
ថ្នាក់បរិញ្ញាបត្រ ១+៣ ជាកម្មវិធីផ្ដល់នូវវគ្គសិក្សាថ្មីមួយដែលសិក្សាឆ្នាំមូលដ្ឋាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបីឆ្នាំនៅសាកលវិទ្យាល័យ Angelo State សហរដ្ឋអាម៉េរិក។ និស្សិតដែលអាចចូលសិក្សានៅក្នុងកម្មវិធី១+៣ ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស និងមានកម្រិតភាសាអង់គ្លេស IELTS 6.0 ។
សូមបញ្ជាក់ថា កម្មវិធី១+៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចំនួន៩ជំនាញដូចជា គ្រប់គ្រងធុរកិច្ច វិស្វកម្ម ព័ត៌មានវិទ្យា គីមីវិទ្យា ជីវៈវិទ្យា រូបវិទ្យា សារគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាសាស្ដ្រនយោបាយ។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏កំពុងតែទទួលពាក្យប្រឡងចូលសិក្សាកម្មវិធី១+៣ ផងដែរ។ កាលបរិច្ឆេទនៃការទទួលពាក្យប្រឡង នឹងផុតកំណត់ថ្ងៃទី១៦ ធ្នូ និងកាលបរិច្ឆេទនៃការប្រឡងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤៕