681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងកសិកម្ម ដាក់ពង្រាយនិស្សិតស្ម័គ្រចិត្ត២០០នាក់ ដើម្បីបំពេញការងារនៅតាមឃុំ ក្នុងខេត្ត១៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងកសិកម្ម

ភ្នំពេញ៖ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣មក ក្រសួងកសិកម្ម បានដាក់ពង្រាយក្រុមនិស្សិតស្ម័គ្រចិត្តចំនួន ២០០នាក់ ជាមន្រ្តីកិច្ចសន្យា ដោយប្រើប្រាស់ថវិការដ្ឋ ដើម្បីបំពេញការងារនៅតាមឃុំ ក្នុងខេត្តចំនួន១៤ និងដើម្បីសម្របសម្រួលការងារផលិតកម្មស្រូវ ពូជ និងស្រូវចំណី ផ្តល់បច្ចេកទេសដល់ប្រជាកសិករ សម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវលើការងារផលិតកម្ម និងការប្រមូលទិញ ព្រមទាំងរាយការណ៍ជាប់ជាប្រចាំអំពីបញ្ហាប្រឈម និងសំណូមពរនានាមកក្រសួង ដើម្បីវាយតម្លៃស្ថានភាព និងអន្តរាគមន៍បានទាន់ពេលវេលា។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ផ្អែកលើតម្រូវការចាំបាច់ និងបទពិសោធន៍នេះ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានផ្តល់ការឯកភាពដល់ការជ្រើសរើសមន្រ្តីកសិកម្ម ចំនួន ១ ៦០០នាក់ ក្នុងរយៈពេល៣ឆ្នាំ ក្នុងនោះ ២៥០នាក់ ក្នុងឆ្នាំ២០២៣, ៨០០នាក់ ក្នុងឆ្នាំ២០២៤ និង៥៥០នាក់ ក្នុងឆ្នាំ២០២៥ ដើម្បីបែងចែកទៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេស។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា មន្រ្តីកសិកម្មទាំងនេះនឹងត្រូវឆ្លងកាត់វគ្គកម្មសិក្សារយៈពេលមួយឆ្នាំ មុននឹងក្លាយជាមន្រ្តីរាជការពេញសិទ្ធិ ដោយទទួលបានប្រាក់បៀវត្សរ៍តាមរបប គ្រូបង្រៀន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យផ្ទេរចេញពីតួនាទីជាមន្រ្តីកសិកម្មឃុំ-សង្កាត់ទេ។

សម្រាប់ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម នឹងរួមសហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំការប្រឡងប្រជែងប្រកបដោយតម្លាភាពដែលគ្រោងប្រព្រឹត្តទៅ នៅសប្តាហ៍ទី២នៃខែធ្នូ ខាងមុខនេះ ដើម្បីជ្រើសរើសមន្រ្តីកសិកម្មចំនួន ២៥០នាក់ សម្រាប់ដាក់ពង្រាយនៅតាមឃុំ-សង្កាត់ ក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលផ្នែកដំណាំកសិកម្ម រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី ដោយផ្តល់អាទិភាពដល់បេក្ខជនមានទីលំនៅក្នុងបណ្តាខេត្តគោលដៅ។

សូមជម្រាបថា មន្រ្តីទាំងអស់នឹងស្នាក់នៅជាអចិន្ត្រៃយ៍នៅមូលដ្ឋាន ផ្សារភ្ជាប់ការងារ និងជីវភាពដោយផ្ទាល់ជាមួយប្រជាកសិករ ប្រមូលព័ត៌មានអំពីស្ថានភាពផលិតកម្មកសិកម្មនៅមូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និង សំណូមពររបស់ប្រជាកសិករមកក្រសួង ដើម្បីពិនិត្យ និងស្វែករកដំណោះស្រាយបានទាន់ពេលវេលា៕

Khcct banner

អត្ថបទទាក់ទង