681 ezgif.com resize
Moneygramott moi1280x163px

អត្រាស្រ្តីនៅក្នុងព្រឹទ្ធសភាកើនឡើងជាង១៥% ខណៈសមាជិករដ្ឋសភាធ្លាក់ចុះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នៅកម្ពុជា រដ្ឋសភានីតិកាលទី៧នេះ តំណាងស្រ្តីនៅក្នុងតំណែងថ្នាក់ដឹកនាំកំពូលដែលសមាជិកព្រឹទ្ធសភាជាស្រ្តី មានអត្រាកើនឡើងប្រមាណពី ១៤,៧៥% ដល់១៦,១៣% ប៉ុន្តែចំនួនសមាជិករដ្ឋសភាជាស្រ្តីមានអត្រាធ្លាក់ចុះពី ២០,៨% មក ១៣,៦%វិញ។ ចំណែកអត្រាស្រ្តីនៅក្នុងស្ថាប័ននីតិប្រតិបត្តិ ហាក់មិនមានការប្រែប្រួលខ្លាំងទេ គឺប្រមាណ១៥%។ ចំនួនស្រ្តីនៅក្នុងកម្រិតថ្នាក់ក្រោមជាតិ មានសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការចូលរួមរបស់ស្ត្រីនៅថ្នាក់មេឃុំ/ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានការកើនឡើងពី ១៣០នាក់ (ប្រមាណ ៨%) ដល់ ១៧៦នាក់ (ប្រមាណជា១១%) ក្នុងអាណត្តិទី៥ ពីឆ្នាំ២០២២-២០២៧។

ថ្លែងក្នុងវេទិកាថ្នាក់ជាតិ ស្តីពី«ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថថា ស្រ្តីកម្ពុជាត្រូវបានគេផ្តល់តម្លៃនិងទទួលស្គាល់នៅសហគមន៍អន្តរជាតិសម្រាប់ការចូលរួមថែរក្សាសុវត្ថិភាពនិងសន្តិភាព។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាននិងទី១៣ ក្នុងចំណោម១២០ប្រទេស ដែលបានបញ្ជូនទាហានស្រ្តីក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ការវិវឌ្ឍនេះសបញ្ជាក់ឱ្យឃើញថា នៅកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយពិតប្រាកដក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០និង ២០៥០។ ប៉ុន្តែមានបញ្ហាមួយចំនួន បានប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសលើស្រ្តីនិងកុមារ ដូចជាការប្រែប្រួល ស្មុគស្មាញ មិនប្រាកដប្រជារបស់ពិភពលោក វិបត្តិកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និង សង្គ្រាមកើតឡើងនៅ អ៊ុយក្រែន និងមជ្ឈឹមបូព៌ា ជាដើម។

ដើម្បីចូលរួមដោះស្រាយបញ្ហានេះ សម្តេច ឃួន សុដារី បានផ្តល់នូវអនុសាសន៍ឱ្យពង្រឹងអភិបាលកិច្ចដោយទទួលស្គាល់ និងប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់ស្ត្រី។ ពិសេស ដោះស្រាយសមភាពយេនឌ័រ ក្នុងការអប់រំ និងការអភិវឌ្ឍ ជំនាញ ជាពិសេសជំនាញឌីជីថល និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រួមនឹងការពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត តាមរយៈការ តាក់តែងគោលនយោបាយ និងច្បាប់ដែលឆ្លើយតបទៅនឹងយេនឌ័រ ដើម្បីបង្កលក្ខណៈកាន់តែប្រសើរដល់ស្រ្តីក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតជាដើម៕


Khcct banner

អត្ថបទទាក់ទង