ភ្នំពេញ៖ ការងារអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិជាតិ ឆ្នាំ២០២៣នេះ ក្រសួងកសិកម្មទទួលបានតួលេខ វិជ្ជមានជាលើកទី១ រវាងការកើត និងការស្លាប់នៃសត្វផ្សោត។ គិតត្រឹមដើមខែវិច្ឆិកា សត្វផ្សោតកើតកូនបានចំនួន ៨ក្បាល និងស្លាប់ ៥ក្បាល។ នេះបើតាមលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២០វិច្ឆិកានេះ។
លោក ឌិត ទីណា បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានទទួលវិញ្ញាបនបត្រ កំណត់ត្រាពិភពលោកស្តីពីត្រីទឹកសាបធំបំផុតលើពិភពលោក ពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) ដែលជាការទទួលស្គាល់ចំពោះវត្តមានត្រីបបែលយក្សទម្ងន់ជាង៣០០គីឡូក្រាម ដែលត្រូវបានអ្នកនេសាទកម្ពុជាចាប់បានដោយចៃដន្យ និងព្រលែងទៅវិញ កាលពីខែមិថុនា ឆ្នាំ២០២២ នៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះគឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជាក្នុងកិច្ចការអភិរក្សធនធានជលផលធម្មជាតិ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា អនុវិស័យផ្សេងទៀត រួមមាន សុខភាពសត្វ និងផលិតកម្មសត្វ ជលផល និងព្រៃឈើ មានដំណើរការល្អ ដោយធានាបាននូវការផ្គត់ផ្គង់សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ មានស្ថិរភាពថ្លៃ កាត់បន្ថយការនាំចូល និងរក្សាបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស៕