Cctime 6monthsfree desktop
Cc times  web banner kh

កម្ពុជានាំចេញផលិតផលកសិកម្មសរុប ៦,២លានតោន គិតត្រឹមដើមខែវិច្ឆិកាឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការនាំចេញផលិតផលកសិកម្មកម្ពុជា នៅតែបន្តរក្សាបានតួលេខខ្ពស់ គឺជាង ៦,២លានតោន គិតជាទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាម៉េរិក ទៅកាន់ទិសដៅចំនួន ៧៤ប្រទេស។ នេះបើតាមលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២០វិច្ឆិកានេះ។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការដាំដុះស្រូវសម្រេចបានជាង ៣,៦លានហិចតា និងទទួលបានទិន្នផល ៦,២លានតោន ជាមួយនឹងការរំពឹងទុកថានឹងទទួលបានទិន្នផលជាង ៦,៣លានតោនបន្ថែមទៀត នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំនេះ។ ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចេញផលិតផលកសិកម្មនៅបន្តរក្សាបានតួលេខខ្ពស់ គឺជាង ៦,២លានតោន គិតជាទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាម៉េរិក ទៅកាន់ទិសដៅចំនួន ៧៤ប្រទេស។

លោករដ្ឋមន្រ្តី បានបន្តថា ការនាំចេញអង្ករសម្រេចបានជាង ៥២ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៥៨លានដុល្លារ រួមទាំងការនាំចេញទៅប្រទេស ឥណ្ឌូនេស៊ីដែលជាគោលដៅថ្មី និងជាលទ្ធផលដ៏ត្រចះត្រចង់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចនាយករដ្ឋមន្រ្តី។ ដោយឡែក ការនាំចេញផលិតផលជ័រកៅស៊ូសម្រេចបាន ជាង ២៤២ពាន់តោន គិតជាទឹកប្រាក់ជាង ៣២០លានដុល្លារ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣នេះ។

ឆ្លៀតក្នុងឳកាសនេះ លោករដ្ឋមន្រ្តី បានលើកឡើងថា វត្តមានរបស់សម្តេចនាយករដ្ឋមន្រ្តីនៅពេលនេះ គឺជាសក្ខីភាពនៃការបន្តផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្មទាំងមូល និងក្រសួងកសិកម្ម ជាពិសេស ចំពោះការបន្តជំរុញអភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយទៅជាកម្លាំងចលករកាន់តែរឹងមាំថែមទៀត ដើម្បីធានាសន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងអ្នកទទួលទានទូទាំងប្រទេស កាត់បន្ថយភាពក្រីក្រ និងចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង