
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអនុវត្តយ៉ាងមត់ចត់ នូវវិធានពាណិជ្ជកម្មអន្តរជាតិ ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ដែលជាកាតព្វកិច្ចនិងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងគោលបំណងជំរុញ និង សម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និង ការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ការប្រកាសនេះ គឺបន្ទាប់ពីមានការលើកឡើងថា កម្ពុជាជាកន្លែងសម្រាប់វៃតែមទំនិញរបស់បរទេសសម្រាប់នាំចេញបន្ត។
សម្រាប់ចំណុចនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា គូសបញ្ជាក់ថា ខ្លួន បានអនុវត្តយ៉ាងមត់ចត់ នូវវិធានពាណិជ្ជកម្មអន្តរជាតិ ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ហើយការអនុវត្តវិធានការនេះ ក្នុងគោលបំណងរក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញនៅកម្ពុជា ដោយក្រសួងពាណិជ្ជកម្ម និង ក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយនឹងពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើមនិងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និង អនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាមេរិក។
វិធានដើមកំណើតទំនិញ ជាច្បាប់កំណត់ថា ផលិតផលមួយមានប្រភពដើមមកពីណា ជួយកំណត់ថាផលិតផលនោះផលិតចេញពីប្រទេសណា។ ច្បាប់នេះ ប្រើសម្រាប់កំណត់អត្តសញ្ញាណប្រទេសដែលផលិតផលត្រូវបានផលិត ដែលជួយកំណត់លក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ផលិតផលសម្រាប់អត្ថប្រយោជន៍ពាណិជ្ជកម្មពិសេស ដូចជាការយកពន្ធទាប ឬការលើកលែងពន្ធពីប្រទេសដែលជាដៃគូរពាណិជ្ជកម្ម។

ការប្រកាសពីក្រសួង ធ្វើឡើងក្រោយពីក្រសួងពាណិជ្ជកម្មអាម៉េរិក នឹងដាក់ពន្ធខ្ពស់កប់ពពក លើផលិតផលបន្ទះសូឡា និង ឧបករណ៍សូឡា ដែលនាំចូលមកពីប្រទេសចំនួន ៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានទាំងកម្ពុជាផង។ដោយការនាំចូលបន្ទះសូឡានឹងប្រឈមមុខនឹងការយកពន្ធខ្ពស់ ពោលគឺអាម៉េរិកគ្រោងនឹងដាក់ពន្ធខ្ពស់រហូតដល់ជាង ៣,៤០០% លើប្រទេសកម្ពុជា ដោយចោទកម្ពុជាថា មិនសហការ៕