
ភ្នំពេញ៖ តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បង្ហាញឆន្ទៈបន្តគាំទ្រដល់ក្រសួងពាណិជ្ជកម្ម ជាពិសេស ជំរុញប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ជំរុញការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជាឱ្យកាន់តែខ្ពស់ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
លោក រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តំណាងគម្រោង EU-German GATE និងតំណាងគម្រោង EU-German CAPSAFE សម្រាប់ការចាប់ផ្តើមនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តំណាងគម្រោង EU-German GATE តំណាងគម្រោង EU-German CAPSAFE ទីប្រឹក្សាជាតិ តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។
កិច្ចប្រជុំនេះ មានគោលបំណងផ្តល់វឌ្ឍនភាពសង្ខេបនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ជូនទៅកាន់តំណាងសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងគម្រោង EU-German GATE និងតំណាងគម្រោង EU-German CAPSAFE និងពិភាក្សាផែនការសកម្មភាពសម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយនេះ ក្នុងទិសដៅសហការពង្រឹង និងជំរុញនិរន្តរភាពការអភិវឌ្ឍខ្សែច្រវាក់តម្លៃវិស័យស្វាយចន្ទីកម្ពុជា។
ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យផែនការសកម្មភាព និងពេលវេលា ដែលនឹងសហការអនុវត្តដោយទីប្រឹក្សាជាតិ និងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។ ជាការឆ្លើយតប តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានបង្ហាញឆន្ទៈបន្តគាំទ្រដល់ក្រសួងពាណិជ្ជកម្ម ជាពិសេស ជំរុញប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិនេះ ជំរុញការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជាឱ្យកាន់តែខ្ពស់ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាផងដែរ។
គួរបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២៥នេះ (ចាប់ពីខែមករា-ឧសភា) កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ចំនួន ៧៣៩.៩៨ លានដុល្លារ កើនឡើង ៥៨.៧៣ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕


