ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទឹកប្រាក់ចំនួន ៧,២០០.៤២ លានដុល្លារ ក្នុងរយៈពេល៥ខែឆ្នាំ២០២៥ កើនឡើង ៥,៥១ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះកម្ពុជាបាននាំទំនិញចេញទៅប្រទេសនៃសមាជិកអាស៊ានក្នុងទឹកប្រាក់ចំនួន ២,៧០៤.៣៨ លានដុល្លារ និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ៤,៤៩៦.០៤ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានានៃអាស៊ាន មានដូចជា៖ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ៣,៨៤៤.២៨ លានដុល្លារ កើនឡើង ៧,៧ ភាគរយ, កម្ពុជា-ថៃ ១,៨៧៩.០៤ លានដុល្លារ កើនឡើង ១០.៤៤ ភាគរយ, កម្ពុជា-ឥណ្ឌូនេស៊ី ៤៦៩.៦៤ លានដុល្លារ ធ្លាក់ចុះ ២.២២ ភាគរយ, កម្ពុជា-សិង្ហបុរី ៤២៩.៨៧ លានដុល្លារ ធ្លាក់ចុះ ២០.៩៨ ភាគរយ, កម្ពុជា-ម៉ាឡេស៊ី ៤២៩.២៧ លានដុល្លារ កើនឡើង ១៧.១៣ ភាគរយ, កម្ពុជា-ឡាវ ៨៦.២៦ លានដុល្លារ កើនឡើង ២.៦១ ភាគរយ, កម្ពុជា-ហ្វីលីពីន ៣៧.១០លានដុល្លារ កើនឡើង ១១.៥៩ ភាគរយ, កម្ពុជា-ព្រុយណេ ១៤.២០ លានដុល្លារ កើនឡើង ៤០.០២ ភាគរយ, កម្ពុជា-មីយ៉ាន់ម៉ា ១០.៧៥ លានដុល្លារ ធ្លាក់ចុះ ១៨.០៤ ភាគរយ។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅអាស៊ានមានដូចជា៖ សម្លៀកបំពាក់, សម្ភារធ្វើដំណើរនិងកាបូប, វាយនភណ្ឌ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕