Smart saver cctime web bannertif

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង់គ្លេស គាំទ្រការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅអង់គ្លេស ដើម្បីទាក់ទាញវិនិយោគិនមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ចក្រភពអង់គ្លេស៖ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស គាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅចក្រភពអង់គ្លេស ដើម្បីជំរុញធុរជន វិនិយោគិនអង់គ្លេស មកធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា។ ការគាំទ្រនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមិនហែម នៃចក្រភពអង់គ្លេស ក្នុងគោលបំណងដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនអង់គ្លេស។

ក្នុងឱកាសនោះ លោក ស៊ាង ថៃ បានជួបពិភាក្សាការងារជាមួយ លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស ដើម្បីជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចខាងលើ។

ជាមួយគ្នានេះ លោកស្រីឯកអគ្គរាជទូត បានសម្តែងនូវទឹកចិត្តរីករាយ និងគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅចក្រភពអង់គ្លេស ដើម្បីជំរុញធុរជន វិនិយោគិនអង់គ្លេស មកធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៍ដូចជាជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសឱ្យមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគតខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង