Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកស្រីបណ្ឌិត ជា សិរី៖ ចំនួន QR code តាមបញ្ជរទូទាត់ប្រាក់ និងហាងទំនិញទូទាំងប្រទេសកើនដល់ជាង១,៥លាន ខណៈការទូទាត់ឆ្លងដែនតាម KHQR Code បានពង្រីកកាន់តែទូលំទូលាយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ននេះ ចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើនិងអនុញ្ញាតឱ្យដាក់នៅតាមបញ្ជរទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លានហើយ ខណៈការទូទាត់ឆ្លងដែនតាម KHQR Code ក៏បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់។ នេះបើតាម លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។

យោងតាមការថ្លែងក្នុងសិក្ខាសាលាស្តីពី«ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា គ្រឹះស្ថានធនាគារបានបើកគណនី និងផ្តល់ជា QR code ប្រមាណ១,៥លាន សម្រាប់ពាណិជ្ជករប្រើប្រាស់ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកស្រី បានថ្លែងថា កំណើននៃចំនួន QR code ទូទាត់ប្រាក់ ដែលពាណិជ្ជករដាក់នៅតាមហាងទំនិញ និងបញ្ជរទូទាត់នានានេះ បញ្ជាក់ពីការការអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីសម្រួលដល់អតិថិជន និងសមាជិកក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់អន្តរគ្រឹះស្ថាន ក៏ដូចជាតាមកម្មវិធីធនាគារចល័ត ឬទូរស័ព្ទចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបន្តចូលរួមយ៉ាងសកម្ម ក្នុងប្រតិបត្តិការទូទាត់ទំនិញ និងសេវាបានយ៉ាងងាយស្រួយ រហ័ស និងប្រសិទ្ធភាព ខណៈប្រព័ន្ធទូទាត់សងប្រាក់របស់កម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានតភា្ជប់ជាមួយប្រព័ន្ធទូទាត់អន្តរជាតិ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនបាន ជាពិសេស ពលករ និងអ្នកប្រកបអាជីវកម្មក្រៅប្រទេស។

បើតាមលោកស្រីបណ្ឌិត ជា សិរី គិតមកទល់បច្ចុប្បន្ន កម្ពុជាបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ ម៉ាឡេស៊ី វៀតណាម ចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យអ្នកប្រកបមុខរបរក្រៅប្រព័ន្ធទទួលបានផលប្រយោជន៍ តាមរយៈការទូទាត់ទំនិញនិងសេវាដោយប្រើ KHQR Code។

ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការអភិវឌ្ឍប្រព័ន្ធទូទាត់នេះ បានចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការទូទាត់ សម្រាប់សហគ្រាស អាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយចំណាយ ស្របតាមយុទ្ធសាស្ត្រជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជថលរបស់រាជរដ្ឋាភិបាលឆ្នាំ២០២១-២០៣៥៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង