Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកជំនាញសេដ្ឋកិច្ច ចាត់ទុកការដាក់ពន្ធជាង៣០០០%ពីអាម៉េរិកលើផ្ទាំងសូឡាកម្ពុជាមិនប៉ះពាល់ខ្លាំងដល់កម្ពុជាទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធខ្ពស់កប់ពពកលើបន្ទះថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡា ដែលនាំចូលពីបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយកម្ពុជាជាប់ពន្ធរហូតដល់ទៅ ៣៥២១ %។ ករណីនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការដំឡើងពន្ធរបស់អាម៉េរិកលើផ្ទាំងសូឡាកម្ពុជារហូតដល់ ៣៥២១% គឺមិនមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាធ្ងន់ធ្ងរទេ ប៉ុន្តែវា គឺជាការបង្ហាញមួយអំពីអំណាចរបស់សហរដ្ឋអាម៉េរិក ចំពោះបណ្តាប្រទេសទន់ខ្សោយ ក៏ដូចជាបណ្ដាប្រទេសនានាដែលយកផលិតផលផ្ទាំងសូឡាពីសហរដ្ឋអាម៉េរិកមកធ្វើជាប្រេនក្នុងស្រុក ដើម្បីនាំចេញទៅអាម៉េរិក។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា ការដាក់បន្ទុកពន្ធនេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជានោះទេ ដោយសារកន្លងមក ការនាំចេញផ្ទាំងសូឡាទៅកាន់សហរដ្ឋអាម៉េរិកមានរហូតដល់រាប់ពាន់លានដុល្លារ ហើយផលិតផលទាំងអស់នេះ គឺមានតម្លៃបន្ថែមទាបនៅកម្ពុជា ដោយផលិតរួចរាល់នៅប្រទេសចិន និងត្រូវបានយកមកវេចខ្ចប់នៅកម្ពុជា ហើយនាំចេញទៅសហរដ្ឋអាម៉េរិក។

លោកបណ្ឌិតបន្តថា នៅឆ្នាំ២០២៤ ការនាំចេញផលិតផលផ្ទាំងសូឡាត្រូវបានផ្អាក ហើយធ្លាក់មកនៅត្រឹម ៦០០លានដុល្លារ ដូចនេះបើគិតពីទំហំនៃការនាំចេញជាទឹកប្រាក់មានតិចតួច ហើយនេះគ្រាន់តែជាការដាក់បន្ទាត់ពន្ធតែប៉ុណ្ណោះ ប៉ុន្តែទំនិញដែលនាំចេញទៅនឹងធ្លាក់ដល់សូន្យឬគ្មានការនាំចេញផ្ទាំងសូឡាពីកម្ពុជាទៅអាម៉េរិកទៀតនោះទេ។ ដូចនេះ ការដំឡើងពន្ធជាង៣០០០%ពីអាម៉េរិកលើផ្ទាំងសូឡាកម្ពុជាមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជានោះទេ គ្រាន់តែបាត់បង់តម្លៃបន្ថែមតិចតួចតែប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង