
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានប្ដេជ្ញាចិត្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ ដូចជា ការដោះមីន ការដឹកជញ្ជូនតាមផ្លូវគោក កាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ថៃ ជាពិសេសជំរុញនិងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាឱ្យបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៧។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានលើកឡើងថា រដ្ឋាភិបាលថៃប្តេជ្ញាចិត្តបង្កើនល្បឿននៃការអភិវឌ្ឍន៍តាមព្រំដែន ដោយក្នុងនោះ ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីរួមនៅតាមតំបន់ព្រំដែន ស្របពេលនឹងការបើកជាផ្លូវការនៃស្ពានមិត្តភាពកម្ពុជា-ថៃ។
លោកស្រីបន្ថែមថា ប្រទេសទាំងពីរ(កម្ពុជា-ថៃ) នឹងបង្កើនល្បឿនការខិតខំដោះមីននៅតាមព្រំដែន និងជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែននៃប្រទេសទាំងពីរ ហើយធ្វើការបញ្ចប់ឱ្យបានលឿននូវកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកទ្វេភាគី ដើម្បីអនុញ្ញាតឱ្យយានយន្តឯកជនឆ្លងព្រំដែន សេវាដឹកជញ្ជូនទំនិញតាមផ្លូវគោកឆ្លងព្រំដែននឹងត្រូវបានកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងបង្កើនប្រសិទ្ធភាព និងពង្រឹងការតភ្ជាប់ប្រទេសទាំងពីរ។
ជាមួយគ្នានោះ លោកស្រី បានសន្យាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ ពីទំហំ ១០ពាន់លានដុល្លារ ដល់ ១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ ខាងមុខ។
ក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃ សម្រេចបានប្រមាណ ៤,២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៥% បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ ៨៤៤លានដុល្លារអាម៉េរិក កើនឡើង ៣,៣% ខណៈដែលកម្ពុជានាំចូលពីថៃ មានតម្លៃ ៣,៤៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨,៩% ធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សូមរំលឹកថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

