ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៧ វិច្ចកា បានសម្រេចផ្ដល់ការលើកទឹកចិត្តឱ្យកីឡាករ-កីឡាការិនីចំនួន ២៦រូប ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ ជាប់ដោយស្វ័យប្រវត្តិ។ ការសម្រេចនេះ ក្រោយសម្តេច អញ្ជើញជាអធិបតី ក្នុងពិធី ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ចំពោះកីឡាករ-កីឡាការិនី តាំងពីចប់ប្រកួត SeaGame ទី៣១ គឺចូលប្រមូលផ្តុំ ព្រោះដើម្បីការពារ ការពារទី១ គឺការពារជំងឺកូវីដ ការឆ្លងរីករាលដាល នឹងធ្វើឲ្យប៉ះពាល់ ដល់ការហ្វឹកហ្វឺនត្រៀមលក្ខណៈរបស់កីឡាករ-កីឡាការិនី ទី២ គឺការប្រមូលផ្តុំ នៅក្នុងការហ្វឹកហ្វឺនដើម្បីបំប៉នកម្លាំង ព្រោះជាការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះ ត្រូវការរយៈពេលវែង ចឹងដូចច្នោះគឺត្រូវការខិតខំប្រឹងប្រែងណាស់។ មានប្អូនៗសិក្សានុសិស្សមួយចំនួន ក៏បានចូលរួម ហើយក៏សុំ ហើយគោលការណ៍ គឺឲ្យមករៀននៅកន្លែងហ្វឹកហាត់តែម្ដង តាមរបាយការណ៍លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី មករៀនកន្លែងនៅ ពហុកីឡដ្ឋានជាតិ ពេលហ្វឹកហ្វឺនជាមួយ។
សម្តេចគូសបញ្ជាក់ថា ហើយល្ងាចមិញ លោក ហង់ ជួនណារ៉ុន បានស្នើសុំគោលការណ៍ គឺចំពោះកីឡាករ កីឡាការិនីយើង ២៦រូប ដែលបានទទួលមេដាយមាស ប្រាក់ និងសំរិត នៅកីឡា Seagame32 កន្លងទៅនេះ ហើយឆ្នាំនេះ ត្រូវប្រឡងបាក់ឌុប ហើយសុំគោលការណ៍ ជាប់ស្វ័យប្រវត្ត ខ្ញុំបានចារឯកភាពល្ងាចមិញ គឺសុំជាការលឹកទឹកចិត្ត។ សម្តសម្តេច បានលើកឡើងថា ព្រោះបងប្អូនបានខិតខំប្រឹងប្រែង ដើម្បីយកមេដាយ ជូនជាតិ ហើយខិតខំរៀនផង ចឹងខ្ញុំគិតថា វាសមណាស់ហើយ ។ ហើយការកីឡាលើកទី៣១ គឺយើងបានប្រគល់ជូន៨នាក់ ដែលសម្តេចតេជោ លោកបានផ្តល់ជូន នេះគឺជាការលើកទឹកចិត្ត ហើយសមស្រប។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយ សរុប ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៨១ មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ រីឯព្រឹត្តិការណ៍ ASEAN Paragames លើកទី១២ ឆ្នាំ២០២៣ កម្ពុជាទទួលមេដាយសរុប ចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៩ មេដាយប្រាក់ ចំនួន ១៨ និងមេដាយសំរឹទ្ធ ចំនួន ៤៤៕