ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានជួបប្រជុំពិភាក្សាការងារអំពីសភាពការណ៍នៃបទល្មើស វិធានការអនុវត្ត ដើម្បីប្រសិទ្ធភាពការងារ ក្រសួងបរិស្ថានជាមួយ កងរាជអាវុធហត្ថ បានឯកភាពធ្វើការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា «SOP» សម្រាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រក្សាគង់វង្សនូវព្រៃឈើសត្វព្រៃ។ល។
នាឱកាសនោះ លោក សៅ សុខា បានថ្លែងថា ក្រោមការដឹកនាំដ៏របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជាគោលការណ៍ គឺចំពោះមុខរក្សាគ្រប់យន្តការដែលមានស្រាប់ និងពង្រឹងការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលជាធរមាន ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួង មានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងករណីបទល្មើសនោះ មានការលំបាកដែលក្រសួងជំនាញ ឬអាជ្ញាធរដែនដីមិនអាចធ្វើកិច្ចប្រតិបត្តិការបាន ដោយសារខ្វះកម្លាំង ឬមធ្យោបាយ។ល។
បន្ទាប់ពីកិច្ចពិភាក្សា និងមានការឯកភាពនូវគោលគំនិតគោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក លោក អ៊ាង សុផល្លែត អមដំណើរដោយនាយឧត្តមសេនីយ៍ សៅ សុខា និងសហការី បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និងគ្រឿងបំពាក់មធ្យោបាយ ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍ទូទាំងប្រទេស៕