ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៧ វិច្ឆិកានេះ បានប្រកាសឱ្យប្រជាពលរដ្ឋដែលប្រកបរបរនេសាទ និងទូកទេសចរទាំងអស់ផ្អាកធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្ន ដោយសារស្ថានភាពទឹកសមុទ្រ មានខ្យល់បក់បោកខ្លាំងដែលអាចបណ្ដាលឲ្យមានបញ្ហាគ្រោះថ្នាក់កើតឡើង។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បញ្ហាអាកាសធាតុ ខ្យល់ខ្លាំងរលកធំៗ អាចនឹងបង្កឱ្យមានហានិភ័យ ដូច្នេះក្នុងនាមរដ្ឋបាលខេត្ត លោកស្នើឱ្យមានការផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ទាំងទេសចរណ៍ ទាំងដឹកជញ្ជូន និងប្រជានេសាទ។ នៅពេលស្ថានភាពអាកាសធាតុល្អប្រសើរទើបអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញ ដូច្នេះសូមឱ្យសមត្ថកិច្ចផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីប្រកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកានេះ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅតំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី ១៩-២២°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងរតនគិរី ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០°C។
ចំណែកឯតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០-២,០០ម៉ែត្រ៕