ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងការរៀបចំរហដ្ឋារចនាសម្ព័ន្ធ រួមទាំងសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សមានជំនាញច្បាស់លាស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសលើកុមារ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ ការវាយតម្លៃនេះត្រូវបានលើកឡើងនាឱកាសដែលលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ។
ក្នុងឱកាសនេះ លោក ឈាង រ៉ា ក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណ មន្រ្តីរាជការ និងក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យកុមារជាតិ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ លោករដ្ឋមន្រ្តី បានស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
គួរបញ្ជាក់ថា បច្ចុប្បន្ន មនី្ទរពេទ្យកុមារជាតិមានសេវាធំៗចំនួន ២ គឺផ្នែកកុមារ និងផ្នែកសម្ភព ទន្ទឹមនឹងការរីកចម្រើននេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍បន្ថែមទៀត ក្នុងការបន្តសកម្មភាពតទៅមុខទៀត ដូចជា៖ ប្រែក្លាយមន្ទីរពេទ្យ ទៅជាមន្ទីរពេទ្យឯកទេសលើឯកទេស ប្រកបដោយនវានុវត្តន៍ និងឌីជីថល ព្រមទាំងមានការទទួលស្គាល់គុណភាព, ជំរុញការអនុវត្តកម្រោងសាងសង់អគារថ្មីក្រោមជំនួយឥតសំណងរបស់ KOICA ឱ្យបានលឿន, ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត, និង បន្តអនុវត្តសកម្មភាពដែលមានស្រាប់ ដោយធានាឆ្លើយតបនឹងអាទិភាព ដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាអាទិភាពរបស់ក្រសួងសុខាភិបាល៕