Cctimesw1140xh150cm copy

«តំបន់ដាច់ស្រយាល»នៅកម្ពុជាត្រូវបានជំរុញឱ្យប្រើប្រាស់ថាមពលស្អាត

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា អូស្ត្រាលី នូវែលសេឡង់ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបើកសម្ពោធ សប្តាហ៍ថាមពលស្អាតកម្ពុជាឆ្នាំ ២០២៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានអំពាវនាវឱ្យមានសកម្មភាពសម្របសម្រួលលើអន្តរកាលថាមពលស្អាតពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយប្រជាជននៅតាមតំបន់ដាច់ស្រយាលឱ្យមានលទ្ធភាពភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលសូឡា និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល។ កម្មវិធីនេះមមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗដែលធ្វើការក្នុងវិស័យថាមពលស្អាត។

នាឱកាសនេះ លោក វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា មានប្រសាសន៍ថា អន្តរកាលថាមពលស្អាតរបស់កម្ពុជា គឺជាឱកាសមួយដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ អូស្ត្រាលីប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ រួមទាំងការចែករំលែកបទពិសោធន៍ក្នុងការធ្វើអន្តរការថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនីមេ ដើម្បីជួយកម្ពុជាសម្រេចបាននៅលទ្ធផលតាមការរំពឹងទុក។

លោកបានបន្ថែមថា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតលើការរួមបញ្ចូលថាមពលកកើតឡើងវិញ។ CAPRED ក៏កំពុងអនុវត្តគម្រោងដែលជួយឲ្យប្រជាជននៅតំបន់ដាច់ស្រយាលដែលមិនទាន់ត្រូវបានភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី ឱ្យមានលទ្ធភាពភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលសូឡា និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល(ESCOs)។

លោកស្រី Alissar Chaker អ្នកតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំកម្ពុជាមានប្រសាសន៍ថា «ការទទួលយកថាមពលស្អាតមិនមែនជាគោលជំហរមនោគមវិជ្ជាទេ។ វាគឺជាឱកាសអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់កម្ពុជាក្នុងការបង្កើនសន្តិសុខថាមពល បង្កើតភាគលាភពាណិជ្ជកម្ម និងការងារ លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងបង្កើនភាពធន់ និងបរិយាបន្ន។ UNDP កំពុងធ្វើការដើម្បីលើកកម្ពស់ និងគាំទ្រដល់អន្តរកាលថាមពលនៅក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល បញ្ញវន្ដ និងស្ថាប័នឯកជន។

គួរបញ្ជាក់ថា សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយ អង្គការអេននឺជីឡេប (EnergyLab Cambodia) ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយនឹងសហស្ថាបនិករួមមាន រដ្ឋាភិបាលអូស្ត្រាលី និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទទួលបានមូលនិធិពីអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង