រដ្ឋកាលីហ្វ័រញ៉ា៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និង លោកប្រធានាធិបតី ចូ បៃដិន បានដើរជុំវិញសួនច្បារនៃ Filoli Estate ក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដែលមេដឹកនាំទាំងពីរបានជួបគ្នាសម្រាប់កិច្ចប្រជុំកំពូល អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC។
ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោកបៃដិន លោក ស៊ី ជីនពីង បានថ្លែងពីទំនាក់ទំនងរវាងចិន និងអាម៉េរិកថាជា ទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងពិភពលោក គួរតែអភិវឌ្ឍតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងមានទំនួលខុសត្រូវចំពោះវឌ្ឍនភាពរបស់ពិភពលោក។
បើតាមលោក ស៊ី ជីនពីង ចិន និងអាម៉េរិក ដរាបណាពួកគេប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព និង បន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នោះនឹងមានសមត្ថភាពពេញលេញក្នុងការកើនឡើងពីលើភាពខុសគ្នា និងស្វែងរកផ្លូវត្រឹមត្រូវសម្រាប់ប្រទេសធំៗទាំងពីរក្នុងការរួមរស់ជាមួយគ្នា។ .
គួរបញ្ជាក់ថា នេះជាជំនួបទល់មុខគ្នាលើកដំបូងរវាងប្រមុខរដ្ឋទាំងពីរចាប់តាំងពីការអង្គុយនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាឆ្នាំមុន។លោកសុី ជីនពីង ទៅដល់អាម៉េរិក កាលពីថ្ងៃអង្គារ ដើម្បីចូលរូមកិច្ចប្រជុំកំពូល អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC លើកទី៣០ តាមការអញ្ជើញរបស់លោកចូ បៃដិន៕