![](https://cdn.cc-times.com/kh.cc-times.com/media/40336/large/126483.jpg?1700103180)
ភ្នំពេញ៖ ក្រសួងអប់រំ នៅក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នឹងដាក់ឱ្យអនុវត្ត «ស្តង់ដាសាលារៀនគំរូ» ចំនួន ៥ សម្រាប់មធ្យមសិក្សា។ ក្រៅពីស្តង់ដាសាលារៀនគំរូ ក្រសួងក៏នឹងអនុវត្ត «ពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី» និង«យុទ្ធនាការសាលារៀន ស្អាតគ្មានសំរាម» ដើម្បីលើកកម្ពស់គុណភាពអប់រំ។
សាលារៀនគំរូ គឺជាសាលារៀនដែលសម្រេចបាននូវស្តង់ដាទាំង ៥ ដែលរួមមាន លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិនិងរដ្ឋបាលសាលារៀន, និងគណនេយ្យភាពរបស់សាលារៀន។ នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ ក្រសួងអប់រំនឹងដំណើរការគ្រឹះស្ថានមធ្យមសិក្សាផ្ដោតលើការអនុវត្ត «ស្តង់ដា សាលារៀនគំរូ» និង «ពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី» និងការចូលរួមអនុវត្ត «យុទ្ធនាការសាលារៀន ស្អាតគ្មានសំរាម» ដើម្បីលើកកម្ពស់គុណភាពអប់រំ។
ក្រសួងដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន៥ សម្រាប់មធ្យមសិក្សា ដោយបានកំណត់វិធានការ និងសូចនាករពាក់ព័ន្ធនឹងការលើកកម្ពស់អភិបាលកិច្ចសាលារៀន, ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុង ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់ សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់សិស្សនិងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្រប តាមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ៕