681 ezgif.com resize
Moneygramott moi1280x163px

អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតនៅកម្ពុជាឆ្នាំក្រោយនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានាសម្រាប់ដំណើរការបើកស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងភ្នំពេញដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ លោក ឃួន ផុនរតនៈ បានអបអរសាទរអារ៉ាប៊ីសាអូឌីត ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC SUMMIT) ដែលបានប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

លោកក៏បានរំលឹកឡើងវិញនូវជំនួបទ្វេភាគីប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងព្រះអង្គម្ចាស់ Mohammed ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ASEAN-GCC នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ។

ជាការឆ្លើយតប លោក Mohammed បានបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយផ្អែកលើសន្ទុះដ៏ល្អកើតចេញពីកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរនាពេលថ្មីៗនេះ៕


Khcct banner

អត្ថបទទាក់ទង