ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ វិច្ឆិកា បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៦ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៦៦នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសប្តាហ៍នេះ មេរៀនទី១គឺជាគន្លឹះសំខាន់ទី៣សម្រាប់ដោះស្រាយបញ្ហា (PDIA) និងមានគោលបំណង សំខាន់ៗ៣ចំណុចដូចជា ការវាយតម្លៃអំពីលក្ខណៈ និងវិសាលភាពនៃលំហផ្លាស់ប្តូរ (Change Space) តាមបរិបទដែលត្រូវស្វែងរកដំណោះស្រាយនៃបញ្ហា ដោយផ្អែកលើឥទ្ធិពលសិទ្ធអំណាច ការទទួលយក និងសមត្ថភាព, ការវិភាគអំពីបញ្ហាជាមួយនឹងការវិភាគលំហផ្លាស់ប្តូរតាមវិធីសាស្រ្តអេបី (Triple A) ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត, និង ការរៀបរាប់ពីជំហានតាមលំដាប់លំដោយ ដែលជំហានទាំងនោះអាចនឹងបង្កើតបានជាដំណោះស្រាយប្រកបដោយសក្តានុពល
ចំណែកនៅក្នុងមេរៀនទី២មានគោលបំណង៤ចំណុចសំខាន់ៗដូចជា ការវិភាគរិះរកដំណោះស្រាយ គឺពិចារណស្វែងរកគំហើញនានាដែលក្នុងនោះរួមមាន ការគាំទ្រទាំងខាងផ្នែករដ្ឋបាល ខាងផ្នែកនយោបាយ និងលក្ខណៈផ្នែកបច្ចេកទេស, ការវិភាគលំហផ្លាស់ប្តូរដោយប្រើវិធីសាស្រ្ត អេបី (Triple A) ដែលបានអនុវត្ត ដើម្បីចម្រាញ់ និងពិនិត្យមើលលទ្ធភាពនៃដំណោះស្រាយដែលអាចធ្វើបាន, និង ការទទួលស្គាល់ រាល់ដំណោះស្រាយដែលសក្តិសមបំផុត (Best fit) គឺលេចចេញពីការវិភាគ ការឆ្លុះបញ្ចាំង និងការសិក្សាពិសោធន៍សារចុះសារឡើង ហើយរាល់គំនិតដំបូងអាចនឹងមានការផ្លាស់ប្តូរ ៤) ការពិចារណាជម្រើសនានា នៃឧបសគ្គដែលជួបប្រទះក្នុងអំឡុងពេលនៃការអនុវត្តដំណោះស្រាយ អាចត្រូវបានគិតទុកជាមុន និងត្រូវដោះស្រាយ៕