681 ezgif.com resize
Moneygramott moi1280x163px

ព្រះមហាក្សត្រ អរគុណរដ្ឋាភិបាលបារាំងក្នុងការបន្តយន្តការអភិរក្ស«តំបន់អង្គរ»១០ឆ្នាំទៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ Royal du Cambodge

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា បានជួបព្រះរាជសវនាការជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមាន Élysée នាឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ក្នុងជំនួបនោះ ព្រះមហាក្សត្រ បានថ្លែងអរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្តររដ្ឋាភិបាល ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ រយៈពេល១០ ឆ្នាំបន្ថែមទៀត(២០២៣-២០៣២)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ព្រះប្រមុខរដ្ឋកម្ពុជា បានថ្លែងអអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គរ (ICC-Angkor) រយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២)។

ដោយបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមគំនិតផ្តួចផ្តើម និងអំពាវនាវនៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ICC-Angkor ជាយន្តការដែលត្រូវបានរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត។

ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បារាំង និងជប៉ុន ដែលជាសហប្រធាន ICC-Angkor បានប្រកាសបន្តជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព រយៈពេល១០ឆ្នាំទៀត ពោលគឺបន្តអាណត្តទី៤របស់ខ្លួនដល់ឆ្នាំ២០៣២ ឬឆ្នាំ២០៣៣។

រូបភាព៖ Royal du Cambodge

នាព្រះរាជសវនាការជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ព្រះករុណា ព្រះមហាក្សត្រ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ គម្រោងនៃការសិក្សាការជួសជុល និងការពង្រីកសារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង, កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជាតិ និងសារមន្ទីរ Guimet និង ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។

លោក  ម៉ាក្រុង បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។

ជាមួយគ្នានេះ លោកប្រធានាធិបតីបារាំង បានចាត់ទុកថាជោគជ័យនៃយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។

លោក ម៉ាក្រុង ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

តបនឹងព្រះរាជសំណើរបស់ ព្រះមហាក្សត្រ លោកប្រធានាធិបតីបារាំង បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង៕

Khcct banner

អត្ថបទទាក់ទង