ភ្នំពេញ៖ គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាថ្ងៃទី ១៣ វិច្ឆិកានេះ បានបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានទូកងចូលរួមប្រណាំងចំនួន ៣៣៨ទូក និងប្រទីបធំៗចំនួន ៣០ប្រទីប។
យោងតាមលោក ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ឆ្នាំនេះ ពិធីបុណ្យអុំទូកនឹងត្រូវប្រារព្ធក្នុងទ្រង់ទ្រាយធំ នឹងមានទូកប្រណាំងចំនួន ៣៣៨ទូក និងប្រទីបធំៗចំនួន ៣០ប្រទីប។ សូមរំលឹកថា ព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០២៣នេះ នឹងប្រារព្ធឡើងមានលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាក់ខានកាលពីរឆ្នាំកន្លងទៅ។ ចាប់ពីឆ្នាំ២០២០-២០២២ កម្ពុជាបានអាក់ខាន មិនអាចប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បានឡើយដោយសារកម្ពុជា ត្រូវបានរងនូវជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ព្រះរាជពិធីអុំទូក សំពះព្រះខែ បណ្ដែតប្រទីប និងអកអំបុក នឹងត្រូវប្រារព្ធឡើងចាប់ថ្ងៃទី ២៦-២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ៕