ប៉ារីស៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅថ្ងៃទី១៣វិច្ឆិកានេះ ស្តេចបានយាងដល់ទីក្រុងប៉ារីសប្រកបដោយព្រះរាជសុវត្ថិភាព ដើម្បីគង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវការនាសាធារណរដ្ឋបារាំង តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។
សូមជម្រាបថា ព្រះករុណា ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសបារាំងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដំណើរព្រះរាជទស្សនកិច្ចផ្លូវការនេះ គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីប្រទេសបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ ប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ”។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានប្រកាសអំពីព្រះរាជសកម្មភាពព្រះមហាក្សត្រថា “ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គនឹងត្រូវបានលោក អេម៉ានុយអែល ម៉ាក្រុង។ ទទួលព្រះរាជសវនាការ នៅវិមានប្រធានាធិបតី Palais de ‘Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣”។
សេចក្ដីប្រកាសព័ត៌មានដដែល “ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៅសន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣”។
សេចក្ដីប្រកាសព័ត៌មានកម្រាស់២ទំព័រសរសេរបន្តថា “ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងប្រទានព្រះរាជសវនាការជូន លោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ ដោយទទួលស្គាល់ពីសកម្មភាពគាំទ្រដ៏មានសារៈ របស់អង្គការដែលបានចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ”។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្នុងដំណើរព្រះរាជទសុ្សនកិច្ចនេះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី ក្រសួងការបរទេស និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ព្រមទាំងឥស្សរជន និង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នឹងអញ្ជើញដង្ហែរព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងព្រះរាជទស្សនកិច្ចផ្លូវការក្នុងប្រទេសបារាំង៕