សៀមរាប៖ ស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខូចខាតជាច្រើន ដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃ សំណើម និងទឹកភ្លៀង កំពុងត្រូវបានក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុល ដើម្បីថែរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលដើរឆ្លងកាត់នៅទីនេះ។
ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានប្រមូលបំណែកថ្មភក់ ដែលទទួលរងការខូចខាតដោយទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយ មកជួសជុលពង្រឹងគ្រឹះឡើងវិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមានការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀកផ្នែកខាងលើផង។
ការជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន គឺកំពុងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ ការជួសជុលនេះ គឺជាការងារអាទិភាពទី១ សម្រាប់ទប់ស្កាត់កុំឱ្យដួលរលំ និងម្យ៉ាងទៀត ផ្តោតទៅលើការថែរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលដើរឆ្លងកាត់នៅទីនេះផង។ បន្ទាប់ពីបញ្ចប់ការជួសជុលស៊ុមទ្វារនេះ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើការជួសជុលជញ្ជាំង និងជើងសរសរផ្នែកខាងលិចនៃប្រាសាទបាយ័ន៕